សន្ដិសុខសង្គម

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងស្រះទឹក អាចមកពីដើររអិលជើង

ស្វាយរៀង៖ក្រុមគ្រួសារបានប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងស្រះ អាចមកពីដើររអិលជើងហើយធ្លាក់​ចូលក្នុងទឹកនោះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មន្ដ្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីនេះបានកើតនៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប កាលពីថ្ងៃទី១២ ខែមករា។ អ្នកបាត់បង់ជីវិតឈ្មោះ ឃុន សាលី ហៅឌី អាយុ៧១ឆ្នាំ នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង។

មុនកើតហេតុ បុរសខាងលើបានចូលរួមក្នុងកម្មវិធីការចៅ ហើយបានត្រឡប់ទៅផ្ទះវិញក៏បាត់មួយយប់ ស្រាប់តែបងប្អូននិងក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងទឹកស្រះចម្ងាយពីផ្ទះឈ្មោះឃួន ចន្ធួន អាយុ៥៩ឆ្នាំ ប្រមាណជាង៣០ម៉ែត្រ។

បន្ទាប់ពីនោះសមត្ថកិច្ច គ្រូពេទ្យនិងនគរបាលជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យហើយបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានស្លាកស្នាមគួរឱ្យកត់សម្គាល់ករណីផ្សេងទេ៕ដោយ៖វិចិត្រ