បទវិភាគ

បទវិភាគ៖ អាម៉េរិកថាការសាកល្បងធ្វើសង្រ្គាមរបស់ចិនវាយយកតៃវ៉ាន់នឹងត្រូវបរាជ័យ

តាមការវិភាគរបស់អាម៉េរិកបាបបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិកចេញមុខការពារតៃវ៉ាន់ ពីការឈ្លានពានរបស់ចិននោះទំនងជាចិននឹងបរាជ័យ ប៉ុន្តែអាម៉េរិកគឺជាអ្នកខាតដ៏ធំ។

Taiwans reservists take part in a military training at a military base in Taoyuan on March 12, 2022. (Photo by Sam Yeh / AFP) (Photo by SAM YEH/AFP via Getty Images)

រាល់ភាគីដែលត្រូវចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនេះ ដូចជាសហរដ្ឋអាម៉េរិក ចិន តៃវ៉ាន់ និង ប្រទេស ជប៉ុនជាដើម ត្រូវរងការការខាតបង់ “ដ៏ធំធេងបំផុតមួយ” នេះបើយោងតាមការវិភាគតបស់អ្នកជំនាញខាងយោធាមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្លោះ។

នៅក្នុងខណៈពេលបើកការវាយប្រហារលុកលុយចូលកោះតៃវ៉ាន់កាំជ្រួចរបស់ចិនទំនងជានឹងបំផ្លាញមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងប្រទេសជប៉ុន និងរហូតដល់កោះ Guam ហើយអាចវាយប្រហារពន្លិចនាវាផ្ទុកយន្តហោះអាម៉េរិកប្រហែលចំនួនពីរគ្រឿង នាវាពិឃាត និងនាវាចម្បាំងក្នុងចន្លោះពី ១០ ទៅ ២០ គ្រឿង ។

ក៏ប៉ុន្តែកងកម្លាំងឈ្លានពានរបស់ចិនក៏នឹងត្រូវរងការវាយបកនឹងរងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមុនពេលដែលពួកគេអាចចូលកាន់កាប់ផ្នែកសំខាន់ៗណាមួយលើកោះតៃវ៉ាន់។

បើយោងតាមសេណារីយោភាគច្រើនដែលត្រូវបានសាកល្បងរួចមកហើយនោះបានបង្ហាញថានៅទីបំផុត ពួកគេនឹងត្រូវរងការវាយទប់ទល់ក្នុងការប៉ុនប៉ងវាយដណ្តើមយករដ្ឋធានីតៃប៉ិរបស់កោះនេះ។

វាអាចធ្វើឲ្យការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិនមានអស្ថិរភាពដោយសាររងនូវការខាតបង់ដ៏ធំធេងដែលកើតឡើងពីការវាយបករបស់តៃវ៉ាន់ របាយការណ៍នេះបានបញ្ជាក់ដូច្នេះ។

លោក Eric Heginbotham អ្នកជំនាញសន្តិសុខនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បាននិយាយថា “យើងបានធ្វើសេចក្តីសន្និដ្ឋានផ្សេងគ្នាពីរ” ។

លោកបានថ្លែងថា “ដំបូង គឺថាភាគច្រើនក្នុងកាលៈទេសៈនេះប្រទេសចិនទំនងជាមិនទទួលជោគជ័យក្នុងគោលដៅប្រតិបត្តិការរបស់ពួកគេដើម្បីវាយកាន់កាប់ទីក្រុងតៃប៉ិនោះទេ។

“ទីពីរ ការចំណាយទៅលើការធ្វើសង្គ្រាមមានកំរិតខ្ពស់ខ្លាំងសម្រាប់ភាគីដែលមានការពាក់ព័ន្ធទាំងឡាយ ហើយយើងប្រាកដណាស់ថាមានរួមបញ្ចូលទាំងសហរដ្ឋអាម៉េរិកផងដែរ”។

ល្បែងសាកល្បងធ្វើសង្រ្គាមមានជាសេណារីយោចំនួន ២៤ ប្រភេទផ្សេងៗគ្នាដែលផ្តោតលើប្រទេសចិនក្នុងការប៉ុនប៉ងវាយដណ្តើមយកកោះនេះដែលទំនងជាមានផែនការចូលលុកលុយនៅក្នុងឆ្នាំ ២០២៦។

សំខាន់នោះប្រសិនបើមិនមានការគាំទ្រពីអាម៉េរិកទេនោះតៃវ៉ាន់នឹងត្រូវវាយកាន់កាប់ដោយកងទ័ពរំដោះប្រជាជនចិនក្នុងរយៈពេលតែបីខែ ឬក៏អាចតិចជាងនេះផង។

ល្បែងសង្រ្គាមមួយនេះត្រូវបានគេសន្មត់ថាការឈ្លានពានរបស់ចិននឹងអាចចាប់ផ្តើមឡើងដោយការទម្លាក់គ្រាប់បែករបស់ចិនដែលភាគច្រើនអាចនឹងបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាស របស់តៃវ៉ាន់ក្នុងរយៈពេលពីរបីម៉ោង។

កងទ័ពជើងទឹកចិននឹងឡោមព័ទ្ធកោះតៃវ៉ាន់ ដោយប្រើប្រាស់នាវាចម្បាំងដែលមានផ្ទុកកម្លាំងទាហាន PLA រាប់ពាន់នាក់ និងរួមជាមួយនឹងឧបករណ៍យោធារបស់ពួកគេឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

នេះជាអ្វីដែលអ្នកវិភាគល្បែងសង្រ្គាមនេះហៅថាជាសេណារីយោដែលទំនងបំផុត កងទ័ពតៃវ៉ាន់នឹងវាយទប់ទល់រារាំងការឈ្លានពាននៅតាមឆ្នេរសមុទ្រ។

របាយការណ៍វិភាគបានបញ្ជាក់ថា “ទន្ទឹមនឹងនោះ កងនាវាមុជទឹក យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក ដែលជារឿយៗបានជួយពង្រឹងកម្លាំងស្វ័យការពារដល់ប្រទេសជប៉ុន នឹងវាយប្រហារលើកងនាវាចរណ៍របស់ចិនឲ្យទទួលរងការខូចខាតយ៉ាងឆាប់រហ័សបំផុត” ។

គេក៏បានថ្លែងថា “ការវាយប្រហាររបស់ចិនលើមូលដ្ឋានទ័ពជប៉ុន និងនាវាចំបាំងលើផ្ទៃទឹករបស់អាម៉េរិកមិនអាចទទួលបានជោគជ័យទេ គឺតៃវ៉ាន់នៅតែស្ថិតនៅជាស្វយ័តដដែល”។

តើជ័យជំនះធ្វើអោយរងទុក្ខដែរឬទេ?

លោក Matthew Cancian មកពីមហាវិទ្យាល័យ Naval War College បាននិយាយថា វាមានហេតុផលសំខាន់ៗជាច្រើន លើការប្រថុយប្រថានដើម្បីជ័យជំនះ” ។

លោកបានមានប្រសាសន៍ថា ដំបូងតៃវ៉ាន់ខ្លួនឯងត្រូវតែប្ដេជ្ញាចិត្តធ្វើការវាយបក។

ហើយជំហានទី២ នោះគឺជប៉ុនត្រូវអនុញ្ញាតឲ្យអាម៉េរិកបើកការវាយប្រហារពីមូលដ្ឋានកងទ័ពរបស់ខ្លួន។

លោក Cancian បាននិយាយថា បើមិនដូច្នោះទេនោះ “អន្តរាគមន៍របស់សហរដ្ឋអាម៉េរិកនឹងមិនគ្រប់គ្រាន់ដើម្បីជួយបន្តភាពស្វយ័តរបស់តៃវ៉ាន់បានតទៅទៀតនោះទេ”។

ក្នុងព្រិត្តិការណ៍នេះការបាត់បង់អាយុជីវិតមនុស្សនឹងមានចំនួនច្រើនរហូតដល់ទៅប្រហែលជាជាង ១០.០០០ នាក់ក្នុងសប្តាហ៍ដំបូងនៃការផ្ទុះសង្គ្រាមនេះឡើង។

អ្នកវិភាគលើល្បែងសង្គ្រាមនេះបានលើកឡើងពីភាពមិនច្បាស់លាស់សំខាន់ៗ ដូចជាថាតើសហរដ្ឋអាម៉េរិកនឹងប្រថុយប្រថានប្រើប្រាស់សង្គ្រាមនុយក្លេអ៊ែរដោយធ្វើការវាយប្រហារទៅលើប្រទេសចិនដោយផ្ទាល់ឬមួយយ៉ាងណា។

ទីពីរ គេបានចោទជាសំណួរថាតើសាធារណជនអាម៉េរិក និងជប៉ុននឹងត្រៀមខ្លួនទទួលយកការខាតបង់ដែលកើតឡើងដោយសារតែការការពារតៃវ៉ាន់ដែរឬទេ?

គេបានថ្លែងថាការខាតបង់របស់សហរដ្ឋអាម៉េរិកអាចធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនបាត់បង់ឧត្តមភាពនៃអំណាចគ្រប់គ្រងពិភពលោកក្នុងរយៈពេលដ៏យូរមួយ។

របាយការណ៍បានបញ្ជាក់ថា  ”  សហរដ្ឋអាម៉េរិកអាចទទួលបានជ័យជម្នះតែនឹងទទួលរងកាខាតបង់ច្រើននិងរងទុក្ខក្នុងរយៈពេលវែងជាងជនជាតិចិនដែលជាអ្នកចាញ់”។

របាយការណ៍បានបញ្ជាក់ថា ទាំងតៃវ៉ាន់ និងយោធាអាម៉េរិក ចាំបាច់ត្រូវបង្កើតកងកម្លាំង ដោយផ្តោតលើអាវុធដែលអាចការពារដល់ការរស់រានមានជីវិត និងមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើការទប់ស្កាត់បន្ថែមទៀតចំពោះការឈ្លានពានរបស់ចិន។

កាសែតបានសរសេរថា “ផែនការ ‘យុទ្ធសាស្ត្រឆ្លាតវៃ” នោះគឺតៃវ៉ាន់បន្តចំណាយថវិកាការពារដែលភាគច្រើនផ្តោតទៅលើនាវាចម្បាំង និងយន្តហោះវាយប្រហារថ្លៃៗ ដែលចិនអាចនឹងបំផ្លាញបានយ៉ាងឆាប់រហ័ស៕