ចក្រភពអង់គ្លេសត្រូវបានគេដឹងថាកំពុងពិចារណាត្រៀមផ្តល់រថក្រោះ Challenger 2 ជាច្រើនគ្រឿងដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើតម្រូវការសមរភូមិដ៏សំខាន់របស់រដ្ឋាភិបាលហ្សេឡិនស្គី។
យោងតាមសារព័ត៌មាន Sky News ការពិភាក្សាស្តីពីការផ្តល់រថក្រោះប្រយុទ្ធ Challenger 2 ដែលផលិតដោយចក្រភពអង់គ្លេសនេះ បាននិងកំពុងប្រព្រឹត្តទៅអស់រយៈពេល “ពីរបីសប្តាហ៍” ហើយ។ ជាមួយគ្នានេះ ចក្រអង់គ្លេសប្រហែលជាអាចផ្តល់ជូនរថក្រោះ Challenger 2 ប្រហែល ១០ គ្រឿង ដែលជាចំនួនមួយគួរតែគ្រប់គ្រាន់សម្រាប់ការបំពាក់ប្រយុទ្ធនៅសមរភូមិ។ Sky News បាននិយាយបន្តទៀតថា ការផ្តល់រថក្រោះបែបនេះនឹងមិនផ្លាស់ប្តូរដំណើរនៃសង្រ្គាមខ្លាំងនោះទេ ប៉ុន្តែវានឹងបំបែករបាំង លើកទឹកចិត្តឱ្យប្រទេសផ្សេងទៀត ជាពិសេសប្រទេសអាល្លឺម៉ង់ ធ្វើតាមដូច្នេះដែរ ខណៈដែលនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ ក្រុមពាក់ព័ន្ធដែលមានប្រទេសចំនួន ៥០ រួមទាំងសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសគ្រោងនឹងជួបប្រជុំទាក់ទងនឹងការ ផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន។ ការប្រកាសអាចធ្វើឡើងក្នុងពេលប្រជុំនោះតែម្តង។
សូមជម្រាបថា បន្ទាប់ពីរដ្ឋបាលហ្សេឡិនស្គី អ៊ុយក្រែន បានប្រកាសស្នើសុំចង់បានរថក្រោះមក មានតែចក្រភពអង់គ្លេសនេះប៉ុណ្ណោះដែលបានឆ្លើយតបវិជ្ជមានដំបូងគេ ខណៈដែលសហរដ្ឋអាម៉េរិក និងបណ្តាសម្ព័ន្ធមិត្តផ្សេងទៀត បានត្រឹមផ្តល់ជូននូវរថពាសដែកធុនស្រាល។ នៅក្នុងបញ្ជីអត្ថិភាពតម្រូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន រថក្រោះគឺជាគ្រឿងប្រយុទ្ធដែលសំខាន់ និងត្រូវការជាចំាបាច់ខានមិនបាន៕
ប្រភព៖ SKYNEWS
ប្រភពរូប៖SKYNEWS
ប្រែសម្រួល៖សុខ តុលា