អន្តរជាតិ

អ៊ុយក្រែនវាយប្រហារសងសឹក លើបន្ទាយទាហានរុស្ស៊ីបណ្ដាលឲ្យស្លាប់៦៣នាក់

កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារសងសឹកទៅលើបន្ទាយទាហានរុស្ស៊ីមួយកន្លែង ស្ថិតនៅ ក្នុងខេត្តដូណេតភាគខាងកើត បណ្តាលឲ្យទាហានរុស្ស៊ីស្លាប់៦៣នាក់និងរបួសជាច្រើន។

យោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ ដូចជារ៉យទ័រ និងអ្នកឯកទេសអន្តរជាតិ​របស់អាល់ចាហ្សេរ៉ាក្តី គឺលោក Samuel Ramani បានឲ្យដឹងកាលពីថ្ងៃចន្ទទី ២ ខែមករាថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពិតណាស់បានបើកការវាយប្រហារសងសឹកទៅលើបន្ទាយ​ទាហានរុស្ស៊ីនៅត្រង់ភូមិសាស្រ្ត Makiivka នៃតំបន់ខេត្តដូណេតភាគខាងកើតបានដោយជោគជ័យ ដោយបានសម្លាប់ទាហានខាងរុស្ស៊ីស្លាប់ និងរបួសជាច្រើននាក់។ ជាក់ស្តែង ខាងក្រសួង​ការពារជាតិរុស្ស៊ី​ក៏បានចេញមកទទួលស្គាល់ផងដែរជាមួយតួលេខស្លាប់៦៣នាក់។ ជាមួយគ្នានោះ លោក Daniil Bezsonov ជាមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ដែលគាំទ្រដោយរុស្ស៊ីបាននិយាយដែរថា ការវាយប្រហារត្រូវបានធ្វើឡើងដោយគ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាម៉េរិកនៅពាក់​កណ្តាលអធ្រាត្រ ខណៈដែលមនុស្សម្នាកំពុងប្រារព្ធពិធីចាប់ផ្តើមឆ្នាំថ្មី។

យ៉ាងនេះក៏ដោយ អ្នកឯកទេសអន្តរជាតិបានកត់សម្គាល់ថា តួលេខនៅតែមិនច្បាស់ពីខាងរុស្ស៊ី ដោយរុស្ស៊ីមិនដែលផ្តល់ព័ត៌មានច្បាស់ការណ៍នោះទេ។ ការវាយប្រហាររបស់អ៊ុយក្រែនលើកនេះ​បង្ហាញពីសន្ទុះឈានមុខសងសឹករុស្ស៊ីដែលបានប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកបំផ្លាញ​ទូទាំងទីក្រុង និងរដ្ឋធានីគៀវនៅថ្ងៃឆ្លងឆ្នាំ។ ការវាយប្រហារបែបនេះកម្រកើតមានណាស់ ខណៈ​Makiivka គឺជាបន្ទាយដ៏រឹងមាំមួយរបស់ហានរុស្ស៊ី”៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា