សន្ដិសុខសង្គម

រថយន្តបត់ម៉ូតូមកពីមុខបុក បណ្ដាលឱ្យអនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី១ស្លាប់

ភ្នំពេញ៖រថយន្តឃ្លុបដឹកទំនិញកំពុងបើកស្រាប់តែបត់ភ្លាមៗ ត្រូវម៉ូតូមកពីមុខហ្វ្រាំងមិនទាន់ បុកពេញទំហឹង បណ្ដាលឱ្យអនុប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំមណ្ឌលអប់រំកែប្រែទី១ស្លាប់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវបេតុងព្រៃស មុខច្រកចូលបុរីពិភពថ្មី២ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ជុំ សុភារ័ត្ន អាយុ៤០ឆ្នាំ ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ២ ជាអនុប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំមណ្ឌលអប់រំកែប្រែទី១។ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនរងគ្រោះម៉ូតូម៉ាក HONDA PCX ផ្លាកលេខភ្នំពេញ1IO-8357 ។ចំណែករថយន្តម៉ាក JAC HFC ផ្លាកលេខភ្នំពេញ 2BR-9572 បើកបរដោយឈ្មោះហួយ សុខហេង អាយុ៣១ឆ្នាំ​ នៅ  សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ រថយន្តបើកពីជើងទៅត្បូងបត់ឆ្វេងភ្លាមៗមិនគោរពសិទ្ធិ អាទិភាព ផ្លូវត្រង់។ពេលនោះម៉ូតូមកពីមុខបុកចំហៀងរថយន្តពេញទំហឹងដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ