អន្តរជាតិ

មេណាតូជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិច ត្រៀមខ្លួនជួយអ៊ុយក្រែនរយៈពេលវែងទៅមុខ

ដើមឆ្នាំ២០២៣ ប្រធានអង្គការណាតូ លោក Jens Stoltenberg មិនចាំយូរ បានប្រកាសជំរុញឲ្យ​សម្ព័ន្ធមិត្តលោកខាងលិចត្រៀមខ្លួនជួយអ៊ុយក្រែនរយៈពេលវែងទប់ទល់នឹងរុស្ស៊ីទៅមុខទៀត។

ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ BBC នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣​ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg មានប្រសាសន៍ថា សម្ព័ន្ធមិត្តលោកខាងលិចត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការ​គាំទ្ររយៈពេលវែងដល់អ៊ុយក្រែន។ ការគាំទ្រផ្នែកយោធានឹងធានាបាននូវការរស់រានមានជីវិតរបស់​អ៊ុយក្រែន​ជាប្រទេសអធិបតេយ្យ។ Stoltenberg បានបន្តថា “កងកម្លាំងអ៊ុយក្រែនមានសន្ទុះទប់ទល់​រុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែយើងក៏ដឹងដែរថារុស្ស៊ីបានប្រមូលផ្តុំកងកម្លាំង​ជាច្រើនបន្ថែមទៀត ដែលភាគច្រើននៃពួកគេឥឡូវនេះកំពុងហ្វឹកហាត់” ។

ទន្ទឹមនឹងដំណឹងនេះ មេដឹកនាំណាតូបានកត់សម្គាល់ថា “នោះគឺជាសញ្ញា​ដែលសង្រ្គាមនឹងបន្ត​អូសបន្លាយ រុស្ស៊ីនឹងបើក​ការ​វាយលុក​ថ្មីផងដែរ​”។ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក សម្ព័ន្ធមិត្ត​ណាតូ​បាន​ផ្តល់​សម្ភារយោធា​រាប់​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយក្រែន ខណៈប្រទេសជាសមាជិកនីមួយៗបាន​កំពុងបញ្ជូនសព្វាវុធ គ្រាប់រំសេវ និងឧបករណ៍យោធាធុនស្រាលនិងធុនធ្ងន់ជាច្រើនប្រភេទ រួមទាំងប្រព័ន្ធប្រឆាំងរថក្រោះ និងប្រព័ន្ធការពារអាកាស យន្តហោះចម្បាំង និងយន្តហោះគ្មាន​មនុស្សបើក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា