សន្ដិសុខសង្គម

បើករថយន្តបុករបាំងថ្មចែកផ្លូវ បណ្តាលឱ្យតៃកុងស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់បើករថយន្តបុករបាំងថ្មចែកផ្លូវបណ្តាលឱ្យស្លាប់ក្នុងរថយន្តភ្លាមៗនៅផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឃ្លាំង ថន អាយុ៦៥ឆ្នាំ នៅឃុំកំពង់ចម្លង ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក CRV ផ្លាកលេខភ្នំពេញ 2E-1251 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីជើងទៅត្បូងយ៉ាងលឿន។មកដល់កន្លែងខាងលើ បានបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យ​រថយន្តរងការខូចខ្ទេចផ្នែកខាងមុខ។ចំណែកតៃកុងក្រោយកើតហេតុប្រជាពលរដ្ឋបានជួយសង្គ្រោះដែរ តែដោយសភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់នៅក្នុងរថយន្តនោះតែម្តង។

បន្ទាប់ពីនោះ សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនិងនាំរថយន្តបង្ក​ទៅរក្សាទុក​នៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ