អន្តរជាតិ

អ៊ុយក្រែនស្វាគមន៍ឆ្នាំថ្មី ខណៈរុស្ស៊ីសម្ពោធបើកការវាយប្រហារ

អ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបញ្ជាដោយរុស្ស៊ីនៅថ្ងៃទី១ ខែមករា ឆ្នាំថ្មី២០២៣ បានចំនួន៤៥គ្រឿង ដែលបានបើកការវាយប្រហារបើកឆាកទូទាំងទីក្រុង និងរដ្ឋធានី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថ្កោលទោសយ៉ាងខ្លាំងទៅកាន់រុស្ស៊ី កាលពីល្ងាចថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។ លោកស្គីថា ដូចការប៉ាន់ស្មាន់ រុស្ស៊ីពិតជាបានបើក ការវាយប្រហារនៅថ្ងៃឆ្លងថ្មីមែន។ ទោះបីការវាយប្រហារហាក់មិនសូវខ្លាំងដូចការប៉ាន់ស្មាន តែវាក៏បានធ្វើឲ្យមានការខូចខាតសំណង់អគារ ស្លាប់ និងរបួសមនុស្សផងដែរ។ អភិបាលក្រុង Kyiv លោក Vitali Klitschko បានរាយការណ៍ថា ការវាយប្រហាររុស្ស៊ីនៅដំណាច់ឆ្នាំ២០២២ បានសម្លាប់ មនុស្សម្នាក់ របួសជាង២០នាក់ មនុស្សម្នារត់សំដៅទៅលេណដ្ឋាន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ នៅអ៊ុយក្រែន Bridget Brink បាននិយាយនៅលើ Twitter ថា “រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនតាម បែបកម្សាន្តប៉ុណ្ណោះនៅដើមឆ្នាំថ្មី។ តែលោកពូទីន នៅតែមិនដឹងទេថាអ៊ុយក្រែនគឺធ្វើពីដែក រឹងមាំណាស់”។

ការវាយប្រហារបានធ្វើឡើងចេញពីយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច តែយ៉ាងណាកងកម្លាំង អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Sahed ផលិតដោយអ៊ីរ៉ង់ទាំងនោះបានចំនួន ៤៥ គ្រឿងភ្លាមៗបន្ទាប់ពីឈានចូលឆ្នាំ២០២៣។ លោកប្រធានាធិបតីហ្សេឡិនស្គី បានលើកសរសើរ ប្រជាជនអ៊ុយក្រែន ដឹងគុណចំពោះកងទ័ព ដែលកំពុងឈរជើងទាំងយប់ទាំងថ្ងៃនៅតាម ខ្សែបន្ទាត់ជួរមុខ។ លោកនិយាយថា “យន្តហោះគ្មានមនុស្សបើក កាំជ្រួច អ្វីៗផ្សេងទៀតនឹងមិនជួយ ពួកគេទេ”។ ហើយថា ការរួបរួមអ៊ុយក្រែនគឺចេញពីបេះដូង ខណៈខាងរុស្ស៊ីរួបរួមព្រោះការភ័យខ្លាច។

ដោយឡែក បើតាមសម្រង់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានកំណត់គោលដៅ កន្លែងផលិត កន្លែងផ្ទុក និងទីតាំងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយនៅថ្ងៃចូលឆ្នាំសកល៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា