អន្តរជាតិ

អាម៉េរិកសម្ដែងការព្រួយបារម្ភនិងចាត់ស៊ើបអង្កេត ក្រោយរុស្ស៊ីនិយាយទូរស័ព្ទជិតស្និទ្ធជាមួយចិន

សហរដ្ឋអាម៉េរិកសម្ដែងការព្រួយបារម្ភ និងចាត់វិធានការស៊ើបអង្កេត ក្រោយរុស្ស៊ីនិងចិនបានជួប​ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធនារយៈពេលចុងក្រោយនេះ។

យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បាននិយាយនៅដើមខែ​មករានេះថា សហរដ្ឋអាម៉េរិកកំពុងតាមដានហើយ “យើងកំពុងតាមដានសកម្មភាពរបស់ទីក្រុង​ប៉េកាំងយ៉ាងដិតដល់”។ “ទីក្រុងប៉េកាំងអះអាងថា មានភាពអព្យាក្រឹត ប៉ុន្តែអាកប្បកិរិយារបស់គេបាន​បញ្ជាក់​យ៉ាងច្បាស់ថាវានៅតែវិនិយោគក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី”។ សូមរំលឹកបន្តិចថា នាចុងខែធ្នូកន្លងទៅថ្មីៗនេះរុស្ស៊ីនិងចិនហាក់បង្ហាញភាពជិតស្និទ្ធគួរឲ្យកត់សម្គាល់។ មេដឹកនាំប្រទេស​ទាំងពីរបានជួបគ្នាតាមតំណតភ្ជាប់ និងបានសម្ដែងការប្តេជ្ញាចិត្តកិច្ចសហប្រតិបត្តិការទូលំទូលាយ ពិសេសបានអញ្ជើញគ្នាជុំវិញដំណើរទស្សនកិច្ចទៀតផង។ ពូទីននិយាយថា រំពឹងចង់ឲ្យលោកស៊ី ប្រធានាធិបតីចិនទៅលេងទីក្រុងមូស្គូនាពេលខាងមុខ។

ជុំវិញដំណឹងទាំងអស់នេះ មន្ត្រីអាម៉េរិកបានកត់សម្គាល់ថា នឹងចាត់ការស៊ើបអង្កេត តាមដាន​យ៉ាងដិតដល់ បើទោះបីបច្ចុប្បន្នមិនទាន់រកឃើញពីតម្រុយណាមួយដែលថាទីក្រុង​ប៉េកាំងបានផ្តល់​ជំនួយជាសម្ភារដល់រុស្ស៊ីសម្រាប់សង្គ្រាមក៏ដោយ។ ប្រសិនបើទីបំផុតត្រូវបានរកឃើញថាចិន​មានជាប់ពាក់ព័ន្ធក្នុងសង្រ្គាមជួយដល់រុស្ស៊ី នោះវានឹងអាចបង្កឲ្យមានការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងចិន​ផ្ទាល់តែម្តង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា