សន្ដិសុខសង្គម

អភិបាលរងខេត្តកែបដែលរងបណ្តឹង បានគេចខ្លួន ខណៈសំណុំរឿងបញ្ជូនដល់តុលាការ

កែប៖សមត្ថកិច្ចបានបញ្ជូនសំណុំរឿងបៀតបៀនប្រពន្ធគេនិងបង្ករបួសស្នាមធ្ងន់ធ្ងរលើស្ត្រីម្នាក់ទៀតទៅដល់តុលាការ ខណៈអតីតអភិបាលរងខេត្តកែបដែលរងបណ្តឹងកំពុងគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករានេះថា ផ្នែកជំនាញបានបញ្ជូនសំណុំរឿងលោកភូ លិ អតីតអភិបាលរងខេត្តកែបជាប់ចោទពីបទ សង្ស័យបៀតបៀននិងបង្ករបួសស្នាមទៅតុលាការរួចរាល់ហើយ។សមត្ថកិច្ចកំពុងរង់ចាំអនុវត្តបន្ត ក្រោយពីមានសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់តុលាការ។ពេលនេះអតីតអភិបាលរងខេត្តកែប រូបនោះកំពុងគេចខ្លួន។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកភូ លិ បានចូលរួមក្នុងពិធីជប់លៀង ចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប។កាលនោះអតីអភិបាលរងខេត្តរូបនេះបានដើរទៅតុមួយ រួចថើបក្បាលស្ត្រីឈ្មោះ ទ.ម.រ ក្នុងបំណងបៀតបៀន។ស្ត្រីសាមីខ្លួនបានហាមមិនឱ្យធ្វើបែបនេះទេព្រោះ នាងមានប្តី។ក្រោយមកអតីតអភិបាលរងខេត្តក៏ដើរទៅម្តងទៀត ទើបស្រ្តីម្នាក់ជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញបំណងត្រឡប់ទៅផ្ទះវិញខ្លាចក្រែងមានបញ្ហាកើតឡើង។ឃើញដូច្នោះ លោកភូ លិ ក៏យកកែវស្រាគប់សំដៅស្ត្រី ទ.ម.រ តែចៃដន្យកែវនោះបានត្រូវចំអ្នកនាំនាងចេញបណ្តាលបែក ត្របកភ្នែកហូរឈាមស្រោចខ្លួនរបួសធ្ងន់ធ្ងរត្រូវពេទ្យដេរ១៦ថ្នេរ។ស្ត្រីរងគ្រោះទាំង២នាក់បានដាក់ បណ្តឹងចូលសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១២០២ អនក្រ.តត មានខ្លឹមសារថា ត្រូវបានបញ្ចប់មុខតំណែងលោកភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរង ខេត្តកែប៕ដោយ៖កំចាយ