អន្តរជាតិ

ស្លាប់២នាក់,របួសច្រើននាក់ ដោយសារទឹកជំនន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាអាម៉េរិក

មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ ជាច្រើននាក់ទៀតរងរបួស ដោយសារទឹកជំនន់បាន​វាយប្រហារតំបន់ភាគខាងជើងនិងទូទាំងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកនៅដើមឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ចុះផ្សាយដោយសារព័ត៌មាន ស៊ីអិនអិន បានឲ្យដឹងថា ភ្លៀងបានធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅថ្ងៃសៅរ៍និងអាទិត្យ ទី ១ ខែមករា ឆ្នាំ២០២៣ នៅទូទាំងតំបន់ភាគខាងជើង ខាងកើត និងខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ យោងតាមរដ្ឋបាលនៃតំបន់រងគ្រោះ ដូចជានៅ Sacramento County បានរាយការណ៍ថា មនុស្សម្នាក់ត្រូវបានគេរកឃើញថាស្លាប់ក្នុងរថយន្តដែលត្រូវទឹកលិច ខណៈដែលម្នាក់ទៀត​បានស្លាប់ដោយត្រូវដើមឈើរលំលើនៅឯឧទ្យានរដ្ឋនៃទីក្រុង Santa Cruz។ ក្រៅពីស្លាប់ ក៏មានអ្នករងរបួសជាច្រើននាក់ផ្សេងទៀតផងដែរ ប្រជាជនកាលីហ្វ័រញ៉ារាប់ពាន់នាក់ ត្រូវបានអាជ្ញាធរជូនដំណឹងពីការដាច់ចរន្តអគ្គិសនី ផ្លូវថ្នល់មិនអាចឆ្លងកាត់បាន ព្រោះមានខ្យល់បក់ខ្លាំង លាយឡំទឹកភ្លៀងនៅតែបន្តវាយប្រហារមិនធ្លាប់ជួបក្នុងកំណត់ត្រា។ យោងតាមគេហទំព័រថាមពល Poweroutage.US បានឱ្យដឹងថា អាកាសធាតុធ្ងន់ធ្ងរ ដែលរួមមានខ្យល់បក់ខ្លាំង បានធ្វើឱ្យផ្ទះសំបែង អាជីវកម្ម និងអតិថិជនផ្សេងទៀតប្រហែល ២៣៥.០០០ កន្លែងគ្មានអគ្គិសនីប្រើប្រាស់ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋណេវ៉ាដា នៅថ្ងៃអាទិត្យ។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យទី ១ ខែមករា ឆ្នាំ២០២៣ អាកាសធាតុបានប្រែប្រួលវាយលុកនៅ​ទូទាំងសហរដ្ឋអាម៉េរិក តំបន់ខ្លះដូចជាឆ្នេរសមុទ្រភាគខាងលិចដល់រដ្ឋ Wisconsin មនុស្សជាង ១៥ លាននាក់នៅតែកំពុងស្ថិតនៅក្រោមការជូនដំណឹងអំពីអាកាសធាតុរដូវរងានៅឡើយ៕

ប្រភព៖ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា