អន្តរជាតិ

ស៊ីរីថាអ៊ីស្រាអែលបើកការវាយប្រហារនៅថ្ងៃចន្ទនេះសម្លាប់ទាហានខ្លួន២នាក់

រដ្ឋាភិបាលប្រទេសស៊ីរីបាននិយាយថា នៅវេលាទៀបភ្លឺចូលថ្ងៃចន្ទនេះ អ៊ីស្រាអែលបានបើកការវាយ​ប្រហារសម្លាប់ទាហានស៊ីរីយ៉ាងហោចណាស់២នាក់ និងធ្វើឲ្យអាកាសយានដ្ឋានទីក្រុង Damascusលែងដំណើរការ។

យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយយោធាស៊ីរី ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន​រដ្ឋផ្លូវការ SANA បានឲ្យដឹងថា ការវាយឆ្មក់តាមអាកាស ដែលសំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ Damascus និងតំបន់ជុំវិញនោះ បានកើតឡើងនៅម៉ោងប្រហែល ២ ទៀបភ្លឺ ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ ទី ២ ខែមករា ឆ្នាំ២០២៣។ សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះគឺធ្វើឡើងដោយ​កងកម្លាំង​អ៊ីស្រាអែល​ បណ្តាល​ឱ្យស្លាប់​ទាហាន​ពីរ​នាក់ របួស​ពីរ​នាក់ បាត់បង់ ​ខូចខាតសម្ភារ​មួយ​ចំនួន និងបាន​ធ្វើ​ឱ្យ​អាកាសយានដ្ឋានលែង​ដំណើរការទៀតផង។

ជុំវិញការចោទប្រកាន់និងអះអាងនេះ មិនមានការអត្ថាធិប្បាយភ្លាមៗពីខាងអ៊ីស្រាអែលនោះទេ។ ឧបទ្ទវហេតុនេះគឺជាលើកទីពីរហើយដែលកើតឡើងលើអាកាសយានដ្ឋានអន្តរជាតិ Damascus ខណៈទើបតែដាក់ឲ្យដំណើរការមិនដល់១ឆ្នាំផងនោះ។ ការវាយប្រហារនៅថ្ងៃចន្ទនេះ កើតឡើងប៉ុន្មាន​ថ្ងៃ​បន្ទាប់ពីប្រមុខយោធាអ៊ីស្រាអែល ឧត្តមសេនីយ៍ទោ Oded Basiuk បានបង្ហាញទស្សនវិស័យ​ប្រតិបត្តិការ​របស់កងទ័ពសម្រាប់ឆ្នាំ ២០២៣។ អ៊ីស្រាអែលបានធ្វើការវាយឆ្មក់រាប់រយ​លើកលើគោលដៅនានា នៅក្នុងផ្នែកដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែកម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការបែបនេះណាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនបានកំណត់គោលដៅ​លើមូលដ្ឋានរបស់ក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហេសបូឡា របស់ប្រទេសលីបង់ ដែលបានបញ្ជូនអ្នកប្រយុទ្ធរាប់ពាន់នាក់ទៅគាំទ្រកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី បាសា អាសាដ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា