សន្ដិសុខសង្គម

សង្សារសុំបែកគ្នាតាមឆាត ចងកសម្លាប់ខ្លួនក្នុងផ្ទះបង្កការផ្អើលផ្អើល

ស្វាយរៀង៖ព្រោះតែសង្សារសុំបែកផ្លូវគ្នាតាមរយៈឆាត បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន នឹងចម្រឹងដែកបង្អួចក្នុងផ្ទះបង្កការផ្អើលផ្អើលក្នុងភូមិ។ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសធ្វើអត្តឃាតឈ្មោះ ពៅ បញ្ញាសិទ្ធិ អាយុ២១ឆ្នាំ នៅភូមិ ឃុំខាងលើ ដោយបានយកខ្សែក្របីចងកភ្ជាប់នឹងចម្រឹងដែកបង្អួចបន្ទប់ដេករបស់ខ្លួន ។

ក្រោយទទួលព័ត៌មានថាមានមនុស្សចងកស្លាប់រួចមក អាជ្ញាធរភូមិ-នគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ ជាមួយគ្រូពេទ្យ បានចុះពិនិត្យហើយបានបញ្ជាក់ថា អត្តឃាតជនពិតជាស្លាប់ដោយសារចងក ប្រាកដមែន ព្រោះលើដងខ្លួនមិនមានស្លាកស្នាមពាក់ព័ន្ធរឿងឃាតកម្មទេ។

ក្រោយការស្លាប់ សមត្ថកិច្ចបានរកឃើញទូរសព្ទនៅក្បែរសព មានលេងឆាតជាមួយស្រីម្នាក់ អាចជាសង្សារ ហើយនាងសុំបែកផ្លូវគ្នា ធ្វើឱ្យបុរសនោះគិតខ្លីបែបនេះតែម្ដង៕ដោយៈវិចិត្រ