សន្ដិសុខសង្គម

បញ្ជូន៣នាក់​ករណីកាប់ម្ចាស់ឱ្យរបួសនិងបំផ្លាញម៉ូតូទៅតុលាការ

សៀមរាប៖នគរបាលក្រុងសៀមរាប បានស្រាវជ្រាវចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធប្រើកាំបិតផ្គាក់​កាប់ម្ចាស់ឱ្យរបួសនិងកាប់បំផ្លាញម៉ូតូខូចខ្ទេចខ្ទី ហើយបានបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ នៅម្តុំរង្វង់មូលផ្លូវ៦០ម៉ែត្រ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប មានអំពើហិង្សាកើតឡើងដោយជនសង្ស័យ៣នាក់ប្រើកាំបិតផ្គាក់កាប់បំផ្លាញម៉ូតូ​ជនរងគ្រោះនិងកាប់ម្ចាស់ឱ្យរបួស ហើយរត់គេចខ្លួនបាត់អស់។

មន្ត្រីដដែលបានបន្តថា ក្រោយហេតុការណ៍កើតឡើង កម្លាំងជំនាញចុះស្រាវជ្រាវចាប់បាន៣នាក់​កាលពីថ្ងៃទី១ ខែមករា។ជនសង្ស័យឈ្មោះ យឹម អង អាយុ១៨ឆ្នាំ ឈ្មោះស៊ឹង ម៉េងលាបអាយុ១៥ឆ្នាំ និងឈ្មោះសន សុខវីត អាយុ១៥ឆ្នាំ។ពួកគេមានប្រើប្រាស់គ្រឿងញៀន នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ចំណែកជនរងគ្រោះឈ្មោះ គ.ស អាយុ១៩ឆ្នាំ នៅភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប រងរបួសត្រង់ខ្នង។ដកហូតវត្ថុតាងកាំបិតផ្គាក់មួយ​៕ដោយ៖វិចិត្រ