អន្តរជាតិ

តៃវ៉ាន់ថាមានបំណងចង់ជួយចិនដោះស្រាយវិបត្តិជំងឺកូវីដ-១៩

ប្រធានាធិបតីតៃវ៉ាន់ លោកស្រីសៃអ៊ីងវិន បាននិយាយថា រដ្ឋបាលត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់​ជំនួយដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដល់ប្រទេសចិន ទោះជាមានភាពតានតឹងយោធា​ក៏ដោយ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានមានប្រសាសន៍ជូនដំណឹងកាលពីថ្ងៃអាទិត្យ​យ៉ាងដូច្នេះ​ពិតប្រាកដ។ យោងតាមសម្រង់សម្ដីដោយសារព័ត៌មានរ៉យទ័រ លោកស្រីនិយាយថា បានរៀបចំខ្លួនរួចរាល់ហើយដើម្បីផ្តល់ជូនប្រទេសចិននូវ “ជំនួយចាំបាច់” ជួយប្រទេសនេះក្នុងការ​ដោះស្រាយជាមួយនឹងការកើនឡើងករណីរាតត្បាតនៃជំងឺ COVID-19។ លោកស្រីបាននិយាយថា “ដរាបណាមានតម្រូវការដោយផ្អែកលើទីតាំងនៃការថែទាំមនុស្សធម៌ យើងមានឆន្ទៈក្នុងការផ្តល់ជំនួយ​ចាំបាច់ ដើម្បីជួយមនុស្សកាន់តែច្រើនឱ្យរួចផុតពីជំងឺរាតត្បាត ហើយទទួលបានឆ្នាំថ្មីប្រកប​ដោយសុខភាពល្អ និងសុវត្ថិភាព”។

ទោះបីជាយ៉ាងណា នៅពីក្រោយការយោគយល់នេះ លោកស្រីសៃ បានសង្កត់ធ្ងន់ថា សកម្មភាព​យោធារបស់ចិននៅក្នុងដែនទឹកនៃកោះនេះបានប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព​របស់កោះ។ យោងតាមអ្នកជំនាញសុខភាពអន្តរជាតិមួយចំនួនរបស់ចិន ករណីជំងឺកូវីដ-១៩ បានចាប់ផ្តើមផ្ទុះឡើង​យ៉ាងខ្លាំងនៅខែធ្នូ ឆ្នាំ២០២២ ដែលអ្នកស្លាប់មានប្រហែលរាប់ពាន់នាក់ ឆ្លងរាប់លាននាក់ រដ្ឋាភិបាលចិនបានប្រកាសវិធានការប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់បន្ថែមទៀត៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា