សន្ដិសុខសង្គម

កំពុងតាមចាប់តៃកុងរថយន្តបុកម៉ូតូ បណ្ដាលឱ្យស្ត្រី២នាក់ស្លាប់

កំពង់ធំ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តបែនដឹកដីបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្ត្រី២នាក់ស្លាប់ភ្លាមៗ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃទី២ ខែមករានេះថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ​បានកើតឡើងនៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១ ខែមករា។ មុនកើតហេតុ គេឃើញរថយន្តដឹកដីបើកពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់ផ្លូវកោងក៏ជ្រុលបុកស្ត្រីជិះម៉ូតូ២នាក់កៀបជាប់ក្រោមរថយន្តអូសចូលក្នុងរបងផ្ទះគេបណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។

ស្ត្រីរងគ្រោះឈ្មោះយឿន ជ្រែង អាយុ៤២ឆ្នាំ​ នៅភូមិទួលតាឯក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក​និងស្ត្រីវ័យ៤២ឆ្នាំដូចគ្នារស់នៅភូមិឃុំជាមួយគ្នា។ចំណែករថយន្តបង្កហេតុម៉ាកហ៊ីយិនដាយ​ផ្លាកលេខភ្នំពេញ3A.5192 តៃកុងបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្វែងរកចាប់ជនបង្កយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ