អន្តរជាតិ

កូរ៉េខាងត្បូង និងអាម៉េរិកកំពុងពិភាក្សាគ្នាអំពីសមយុទ្ធនុយក្លេអ៊ែររួម

កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងពិភាក្សាគ្នាជាមួយសហរដ្ឋអាម៉េរិក អំពីសមយុទ្ធនុយក្លេអ៊ែររួម​ដើម្បីទប់ទល់នឹងកម្មវិធីបរមាណូ និងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Chosun Ilbo ដែលបានចេញផ្សាយនៅថ្ងៃចន្ទទី ២ ខែមករា ឆ្នាំ២០២៣នេះ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយដោយផ្ទាល់មាត់ថា “ឆត្រនុយក្លេអ៊ែរ” ដែលមានស្រាប់របស់ទីក្រុងវ៉ាស៊ីនតោន និង “វិធានការរារាំងបន្ថែម” គឺមិនគ្រប់គ្រាន់ដើម្បីធានាដល់ប្រជាជនកូរ៉េខាងត្បូងនោះទេ។ ដែលក្នុងន័យនេះ លោក​ចង់សំដៅ​ទៅ​លើ​សមត្ថភាព​របស់​យោធា​សហរដ្ឋ​អាម៉េរិក ជាពិសេស​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួនក្នុងការ​រារាំង​ការ​វាយ​ប្រហារ​ណាមួយពីកូរ៉េខាងជើង។

លោក Yoon បានបន្ថែមថា ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ទីក្រុងសេអ៊ូលចង់ចូលរួមក្នុងប្រតិបត្តិការនៃកងកម្លាំងនុយក្លេអ៊ែរ​របស់សហរដ្ឋអាម៉េរិក។ “អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហ្វឺន គួរតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូងដែរទើបបាន”។ ជុំវិញព័ត៌មាននេះ អាម៉េរិកមិនទាន់ផ្តល់ការឆ្លើយតបជាផ្លូវការនោះទេ តែលោក Yoon បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនក៏មានភាពវិជ្ជមានផងដែរអំពីគំនិតនេះ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកំពុងឈានទៅមុខជារៀងរាល់ថ្ងៃ ខណៈឈានចូលឆ្នាំ២០២៣នេះ លោកគីមជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានប្តេជ្ញាបង្កើនការអភិវឌ្ឍឃ្លាំងអាវុធ និងធ្វើតេស្តសាកល្បង​អាវុធផ្លោងជាបន្តបន្ទាប់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា