អន្តរជាតិ

អ៊ុយក្រែនថាទ័ពរុស្ស៊ីត្រូវការយ៉ាងហោចណាស់ ៥ឆ្នាំក្នុងការស្តារទ្រង់ទ្រាយឡើងវិញ

អ៊ុយក្រែននិយាយថា រុស្ស៊ីក៏ខាតបង់មិនអន់ដែរ ខណៈទ័ពពួកគេត្រូវការយ៉ាងហោចណាស់ពេលវេលា​៥ឆ្នាំ ដើម្បីស្តារទ្រង់ទ្រាយកម្លាំងឡើងវិញ។

យោងតាមប្រភព Ukrainska Pravda រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយដូច្នេះ​នៅដំណាច់ខែធ្នូនេះ។ Reznikov បានកត់សម្គាល់ថា  រុស្ស៊ីបានបាត់បង់ឥទ្ធិពល​ទ័ពរបស់ពួកគេក្នុងចំនួនច្រើនសម្បើមណាស់ ដោយសារតែការប្រយុទ្ធខាតបង់នៅក្នុងប្រទេស​អ៊ុយក្រែន។ លោកថា “យោងទៅតាមការស៊ើបការណ៍របស់អង្គការណាតូ រុស្ស៊ីបានខាតបង់ដ៏ធំនូវ​រថក្រោះ, កាំភ្លើងធំ, រថពាសដែក និងចំនួនទាហាន” ។ “កងកម្លាំងប្រដាប់អាវុធធម្មតារបស់សហព័ន្ធរុស្ស៊ី​អាចនឹងត្រូវបានស្តារឡើងវិញក្នុងរយៈពេលយ៉ាងហោចណាស់ក៏ប្រាំឆ្នាំដែរ ហើយ១០ឆ្នាំក៏មិនទាន់​ដឹងថា​យ៉ាងណាផង”។ ដោយបន្ថែមថា ថិរវេលាបែបនេះ គឺដូចគ្នានឹងការស្តារឡើងវិញនៃស្តុក​គ្រាប់កាំជ្រួចរបស់រុស្ស៊ី។

ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក រុស្ស៊ីបានធ្វើសង្រ្គាមឥតដកដៃទៅលើអ៊ុយក្រែន ប្រើអស់គ្រាប់មីស៊ីល​រាប់រយម៉ឺនគ្រាប់បាញ់ចេញពីប្រភពផ្សេងៗ រួមមានយន្តហោះចម្បាំង នាវា កាំភ្លើងធំ និងយន្តហោះគ្មាន​មនុស្សបើក។ អ៊ុយក្រែននិយាយថា រុស្ស៊ីបាញ់មីស៊ីលក្នុងមួយថ្ងៃយ៉ាងហោចណាស់ជិត១០០គ្រាប់ ថ្ងៃខ្លះលើស១០០គ្រាប់មកលើរដ្ឋធានីគៀវ និងទីក្រុងនានាទូទាំងប្រទេស តែទ័ពរុស្ស៊ីក៏បានស្លាប់ និងរបួសច្រើនដែរ ពិសេសនៅខ្សែជួរមុខសមរភូមិភាគខាងកើត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា