សន្ដិសុខសង្គម

រាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងលោក ភូលិ ជាអភិបាលរងខេត្តកែប

កែប៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោកភូ លិ អភិបាលរងខេត្តកែប​ខណៈសមត្ថកិច្ចកំពុងដំណើរការតាមបណ្តឹងរបស់ជនរងគ្រោះពីបទព្រហ្មទណ្ឌ បន្ទាប់ពីអភិបាលរងខេត្ត​រូបនេះបានប្រព្រឹត្តអំពើបៀតបៀនលើស្ត្រីម្នាក់និងបង្ករបួសស្នាមធ្ងន់ធ្ងរដល់ស្ត្រីម្នាក់ទៀតកាលពីយប់ថ្ងៃទី២៩ ខែធ្នូកន្លងទៅ។

យោងអនុក្រឹត្យលេខ១២០២ អនក្រ.តត ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានខ្លឹមសារថា៖ ត្រូវបានបញ្ចប់​មុខ​តំណែងលោកភូ លិ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្តកែប។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកភូ លិ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង​អបអរសាទរពិធីចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប។នៅពេលមានភាពស្រវឹង លោកអភិបាលរងខេត្តរូបនេះបានដើរទៅកាន់តុមួយរួចថើបក្បាលស្ត្រីឈ្មោះទ.ម.រ។

បន្ទាប់ពីស្ត្រីសាមីខ្លួនហាមមិនឱ្យធ្វើទង្វើមិនសមរម្យបែបនោះព្រោះនាងមានប្តី រីឯលោក ភូ លិ ក៏ត្រឡប់ទៅតុវិញ។មួយសន្ទុះក្រោយមក លោកភូ លិ ក៏ដើរទៅម្តងទៀត ទើបស្រ្តីម្នាក់ត្រូវជា​បងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញបំណងត្រឡប់ទៅផ្ទះវិញ​ខ្លាចក្រែងមានបញ្ហាកើតឡើង។

ឃើញដូច្នោះ លោក ភូ លិ ក៏យកកែវស្រាគប់សំដៅលើស្ត្រី ទ.ម.រ តែចៃដន្យកែវនោះបានត្រូវចំ​បងប្អូនអ្នកនាំនាងចេញបណ្តាលឱ្យរយះត្របកភ្នែកហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ធ្ងរ។ស្ត្រីរងគ្រោះត្រូវពេទ្យដេរមុខរបួសចំនួន១៦ថ្នេរ។ជាមួយហេតុការណ៍នេះស្ត្រីទាំង២នាក់​បានដាក់បណ្តឹងចូលសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់៕ដោយ៖កំចាយ