សន្ដិសុខសង្គម

រថយន្តធំដឹកទំនិញបើកបុករបងថ្ម បាក់សង្កត់មនុស្សម្នាក់ស្លាប់ភ្លាម

ពោធិ៍សាត់៖រថយន្តឃ្លុបដឹកទំនិញបើកក្នុងល្បឿនលឿនដល់ផ្លូវបត់ជ្រុលបុករបងថ្ម មនុស្សម្នាក់ធ្លាក់ ពីលើរថយន្តត្រូវជញ្ជាំងថ្មនោះបាក់សង្កត់បណ្តាលឱ្យស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរបានកើតឡើង នៅម្តុំចុងផ្លូវកៅស៊ូ ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះជា សុខធារ៉ា អាយុ២២ឆ្នាំ នៅភូមិ-ឃុំរតនៈ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។

មុនកើតហេតុ មានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយប្រភេទឃ្លុបដឹកទំនិញ ផ្លាកលេខភ្នំពេញ3F 7284 បើកក្នុងល្បឿនលឿន។មកដល់កន្លែងផ្លូវបត់ក៏ជ្រុលបុករបងថ្មផ្ទះគេពេញទំហឹងហើយក៏មានមនុស្ស ផ្លោងចេញពីរថយន្តនោះធ្លាក់មកដីត្រូវជញ្ជាំងថ្មបាក់សង្កត់បណ្ដាលឱ្យស្លាប់ភ្លាមតែម្តង។ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។

បន្ទាប់មកមន្ត្រីនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ បានយករថយន្តបង្កទៅរក្សាទុកនិងបន្តនីតិវិធី ស្វែងរកម្ចាស់មកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ