អន្តរជាតិ

កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះបានបាញ់មីស៊ីល២គ្រាប់ចូលសមុទ្រជប៉ុន

កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ ត្រូវបានគេរាយការណ៍ថាបានបាញ់មីស៊ីល២គ្រាប់ធ្លាក់សំដៅ​ទៅកាន់សមុទ្រជប៉ុន ខណៈជាការបាញ់បង្ហោះចុងក្រោយបំផុតនៅដំណាច់ឆ្នាំ២០២២នេះ។

យោងតាមកាសែត Japan Times ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃសៅរ៍ ទី ៣១ ខែធ្នូនេះថា កាំជ្រួចផ្លោងទីមួយត្រូវបានបាញ់នៅព្រឹកព្រលឹមភ្លាមៗបន្ទាប់ពីម៉ោង ៨ និង០០នាទីព្រឹកម៉ោងក្នុងស្រុក ហើយគ្រាប់ទីពីរត្រូវបានបាញ់នៅម៉ោងប្រហែល ៨ និង១៦នាទីព្រឹក។ កាំជ្រួចទាំងពីរគ្រាប់នេះបានធ្លាក់ក្នុងសមុទ្រជប៉ុន ប៉ុន្តែនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ប្រទេសជប៉ុន ដែលជាតួទឹកលាតសន្ធឹងប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ប្រទេស។ បន្ថែមពីនេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការបាញ់មីស៊ីលដោយកូរ៉េខាងជើង​នេះដែរ តែមិនបានបញ្ជាក់លម្អិតថាតើវាគឺជាប្រភេទអាវុធជាក់លាក់ណាមួយ ឬអត់នោះទេ។

ការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ដំណាច់ឆ្នាំ២០២២ បន្ថែមលើចំនួនមីស៊ីលផ្លោងប្រមាណ ៧០ គ្រាប់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួនប្រាំបី ដែលត្រូវបានបាញ់​ពេញមួយឆ្នាំ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ខណៈទីក្រុងព្យុងយ៉ាងបានប្រកាសជាផ្លូវការនូវផែនការ​ធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថា ជាការបង្កហេតុ​ដោយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដ៏សំខាន់ គឺសហរដ្ឋអាម៉េរិក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា