អន្តរជាតិ

អាម៉េរិកលក់ប្រព័ន្ធប្រឆាំងរថក្រោះ និងដាក់មីនទៅតៃវ៉ាន់ ចំពេលតានតឹងចិន

សហរដ្ឋអាម៉េរិក បានអនុម័តការលក់ប្រព័ន្ធប្រឆាំងរថក្រោះ និងដាក់ពង្រាយមីន Volcano តម្លៃ១៨០លានដុល្លារទៅតៃវ៉ាន់ ចំពេលដែលតៃវ៉ាន់មានភាពតានតឹងខ្លាំងជាមួយចិន។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអនុម័តការលក់ប្រព័ន្ធដាក់ពង្រាយមីនប្រឆាំងរថក្រោះម៉ាក Volcano ទៅឱ្យកោះតៃវ៉ាន់ក្នុងតម្លៃ ប៉ាន់ស្មានប្រហែល​១៨០លានដុល្លារ។ ប្រព័ន្ធ Volcanoនេះ ត្រូវបានបង្កើតឡើងដោយកងទ័ពសហរដ្ឋ អាម៉េរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ប្រើសម្រាប់ដាក់ពង្រាយគ្រាប់មីន ដាក់បង្កៃគ្រាប់បែករាយប៉ាយ ទុកប្រឆាំងនឹងរថក្រោះ។

កិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ កើតឡើងនៅពេលដែលប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ រួមទាំងបេសកកម្មរបស់កងទ័ពអាកាសចិនស្ទើរតែរាល់ថ្ងៃនៅ ជិតកោះនេះ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយ។ ភាព​តានតឹងក៏​បាន​កើន​ឡើង​នៅ​ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​ប្រធាន​សភា​អាម៉េរិក Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។ ក្រសួងការពារជាតិរបស់ តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់ប្រព័ន្ធ Volcanoនេះ នឹងចូល ជាធរមានក្នុង  រយៈពេលប្រហែលមួយខែ ហើយប្រព័ន្ធនេះនឹងជួយបង្កើនសមត្ថភាព “សង្គ្រាមមិនស៊ីមេទ្រី” របស់កោះនេះ ដើម្បីធ្វើឱ្យកងកម្លាំងរបស់ខ្លួនកាន់តែមានភាព រហ័សរហួនទប់ទល់ជាមួយចិនដីគោក។ តៃវ៉ាន់និយាយថា កាលពីថ្ងៃចន្ទ ប្រទេសចិនបាន បញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងមិនធ្លាប់មានរបស់ខ្លួនឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំដែនសមុទ្រពិតប្រាកដរវាងប្រទេសទាំងពីរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា