សន្ដិសុខសង្គម

អភិបាលរងខេត្តកែបមួយរូបបៀតបៀន ប្រពន្ធគេនិងបង្ករបួសស្នាម

កែប៖សមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីអភិបាលរង ខេត្តកែប មួយរូបប្រព្រឹត្តអំពើបៀតបៀនលើស្ត្រីម្នាក់និងបង្ករបួសស្នាមធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ លោកភូ លិ អភិបាលរងខេត្តកែបបាន ចូលរួមក្នុងពិធីជប់លៀងចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប។ ដោយមានភាពស្រវឹងជាប់ខ្លួន លោកអភិបាលរងខេត្តរូបនេះបានដើរទៅកាន់តុមួយ រួចថើបក្បាលស្ត្រីឈ្មោះទ.ម.រ ក្នុងបំណង បៀតបៀន។ បន្ទាប់ពីសាមីខ្លួនហាមមិនឱ្យធ្វើទង្វើមិនសមរម្យបែបនោះព្រោះនាងមានប្តី លោកភូ លិ ក៏ត្រឡប់ទៅតុវិញ។

ប្រភពដដែលបានបន្តថា មួយសន្ទុះក្រោយមក លោកអភិបាលរងខេត្តរូបនោះក៏ដើរមកម្តងទៀត ទើបស្រ្តីម្នាក់ត្រូវជាបងប្អូនរបស់ស្ត្រី ទ.ម.រ បាននាំនាងចេញបំណងត្រឡប់ទៅផ្ទះវិញខ្លាចក្រែងមាន បញ្ហាកើតឡើង។ឃើញដូច្នោះ លោកភូ លិ ក៏យកកែវស្រាគប់សំដៅលើនាង តែចៃដន្យកែវនោះ បានត្រូវចំស្ត្រីបងប្អូនអ្នកនាំចេញបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន។ ស្ត្រីរងគ្រោះស្ថិតក្នុងស្ថានភាពឈឺចុកចាប់ខ្លាំងដោយត្រូវពេទ្យដេរមុខរបួសចំនួន១៦ថ្នេរ។ ពេលនេះស្ត្រីរងគ្រោះទាំង២នាក់បានដាក់បណ្តឹងចូលសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីខាងលើ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាក់តាមទូរសព្ទនារសៀលថ្ងៃទី៣០ ខែធ្នូនេះថា បញ្ហានេះខាងលោកបានដំណើរការតាម នីតិវិធីហើយ។ កាលពីយប់មិញ លោកក៏បានទៅដល់មន្ទីរពេទ្យដើម្បីចូលមើលនាងរងគ្រោះដែរ។ លោកស្នងការបានបន្តថា ពេលនេះជំនាញកំពុងសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ។ បណ្តឹងមាន២គឺបណ្តឹងរបស់នារីរងគ្រោះដែលកំពុងសម្រាកព្យាបាល និងបញ្ហាបៀតបៀនកេរខ្មាស៕ដោយ៖កំចាយ