សេដ្ឋកិច្ច

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ឆ្នាំនេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​រហូតដល់ ១៤ ៥០០​លាន​ដុល្លារ​កើន ១៩%

​កំពត​៖ នៅ​ឆ្នាំ​២០២២​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន មាន​រហូត​ទៅដល់​១៤ ៥០០​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​រហូត​ដល់ ១៩​ភាគរយ​។​នេះ​ជាការ​បញ្ជាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ​ទៀត ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​។

​ជាមួយគ្នានេះ សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​នូវ​ក្តី​រំពឹងថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​មិត្ត​ចិន នឹងមាន​កំណើន​កាន់តែច្រើន​ថែមទៀត តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែមករា ឆ្នាំ​២០២២​កន្លងមក​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ឆ្នាំនេះ​ចំនួន​តួលេខ​នៃ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មាន​រហូត​ទៅដល់​១៤ ៥០០​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​រហូត​ដល់​១៩​ភាគរយ ហើយ​នៅពេល​ខាងមុខ ខ្ញុំ​ជឿថា​យើង​នឹងមាន​សមត្ថភាព ដើម្បី​នឹង​នាំ​ទំនិញ​ចូលទៅ​កាន់​ទីផ្សារ​ចិន​កាន់តែច្រើន តាមរយៈ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​មិត្ត​ចិន​បានផ្តល់​ភាពអនុគ្រោះ សម្រាប់​ការនាំ​ទំនិញ​របស់​កម្ពុជា​រហូត​៩៧.៥៣% ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ជាមួយនឹង​ប្រទេស​ដទៃ ទៀត​»​។​

កម្ពុជា បាន​នាំ​ចេញទៅ​ចិន​នូវ​សម្លៀកបំពាក់ ស្បែកជើង ស្បែក​សត្វ​មាន​រោម ម៉ាស៊ីន​ប្រើ​ពី​ស្តុ​ង អង្ករ កៅស៊ូ មៀន ចេក ដំឡូង​មី គ្រាប់​ស្វាយចន្ទី ស្បែកជើង ហិប វ៉ា​លី ជាដើម -​ល​-​ខណៈ​ការនាំ​ចូល​ពី​ចិន​មកវិញ នូវ​ផលិតផល​សម្រាប់​បម្រើ​ឲ្យ​ការវិនិយោគ និង​ផលិតកម្ម ដូចជា ក្រណាត់​ចាក់ ក្រណាត់​ត្បាញ​ពី​កប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់​ផ្សេងៗ បរិក្ខារ និង​គ្រឿង​អេឡិចត្រូនិក វត្ថុ​ធាតុ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម គ្រឿង​សង្ហា​រឹម និង​ក្រដាស និង​ក្រដាសកាតុង​ជាដើម​។​

​សូមជម្រាបថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចូល​ជា​ធរមាន​កាលពី​ខែមករា ឆ្នាំ​២០២២ ដែល​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​១​ឆ្នាំ​ហើយ តំណាលគ្នា​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ក៏បាន​ចូល​ជា​ធរមាន​ផងដែរ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២២​។​

​ការខិតខំ​ប្រឹងប្រែង​បង្កើត ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ដើម្បី​ពង្រីក​ទីផ្សារ​ដល់​ទំនិញ និង​កសិផល​របស់​ក​ម្ពុ​ជាឲ្យ​រីក​កាន់តែ​ធំ​។ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏​កំពុងធ្វើការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​៕​ដោយៈសិរីមតី