កីឡា

វីរបុរស​បាល់​ទាត់​របស់​ប្រេស៊ីល លោក Pele ស្លាប់​ក្នុង​វ័យ ៨២ឆ្នាំ

លោក Pele វីរបុរសបាល់ទាត់របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល ដែលបានងើបចេញពីភាពក្រីក្រដោយ​ជើងទទេ ដើម្បីក្លាយជាអត្តពលិកដ៏អស្ចារ្យ និងល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែធ្នូ) ក្នុងវ័យ ៨២ឆ្នាំ។

មន្ទីរពេទ្យ Albert Einstein ក្នុង​ទីក្រុង Sao Paulo ជាកន្លែងដែលលោក Pele កំពុងទទួលការព្យាបាលនោះ បានឱ្យ​ដឹង​ថា គាត់ស្លាប់នៅម៉ោង ៣:២៧នាទីរសៀល «ដោយសារតែការខូចខាត​នៃសរីរាង្គជាច្រើន ដែលបណ្តាលមកពីការវិវឌ្ឍនៃជំងឺមហារីកពោះវៀនធំ ដែលទាក់ទងនឹងស្ថានភាពសុខភាពពីមុនរបស់គាត់»។

ការ​ស្លាប់​របស់​បុគ្គលតែ​ម្នាក់​គត់ ​ដែល​បាន​ឈ្នះពានរង្វាន់ពី​ព្រឹត្តិការណ៍ World Cup ៣​ដង ​ក្នុង​នាម​ជា​កីឡាករ​នោះ ត្រូវ​បាន​បញ្ជាក់​អះអាងនៅ​លើ​គណនី Instagram របស់​គាត់។

«ការជំរុញ​​ទឹក​ចិត្ត និងសេចក្តីស្រឡាញ់ គឺ​ជា​ភ័ស្តុតាង​នៃ​ការ​ធ្វើ​ដំណើរ​របស់ King Pele (​ស្តេច Pele) ដែលបាន​លាចាក​លោក​នេះដោយស្ងប់ស្ងាត់ នៅថ្ងៃនេះ»។ នេះ​ជា​សារ​រៀប​រាប់​លើ​គណនី Instagram នោះ ដោយបានបន្ថែមទៀត​ថា «គាត់បានធ្វើឱ្យពិភពលោកកាន់​តែមាន​ភាព​ស្រស់​បំព្រងជាមួយ​នឹង​ទេពកោសល្យ ក្នុងវិស័យកីឡារបស់​គាត់ បញ្ឈប់សង្រ្គាម ធ្វើ​ការងារសង្គមទូទាំងពិភពលោក និងផ្សព្វផ្សាយនូវអ្វីដែលគាត់​ជឿថា ជាការព្យាបាលនូវ​រាល់​បញ្ហាទាំងអស់របស់យើង នោះ​គឺក្ដី​ស្រឡាញ់»។

ក្រោយ​មាន​ការ​ប្រកាស​ដំណឹង​នេះ ការលើកសរសើរ បាន​កើត​មានឡើង​​ពី​ពិភពកីឡា នយោបាយ និងវប្បធម៌សម័យ​និយម ចំពោះបុគ្គល​ដ៏​ឆ្នើមមួយរូប ដែលបាន​ជួយ​ឱ្យ​ក្រុមជម្រើសជាតិ​ប្រេស៊ីលកា្លយ​ជា​គំរូ​នៃការ​លេង​ហ្គេមដ៏ស្រស់ស្អាត។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ដែលត្រូវ​ចេញពីតំណែង នៅ​ថ្ងៃអាទិត្យបានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pele គឺជា «ពលរដ្ឋ និងជាអ្នកស្នេហាជាតិដ៏អស្ចារ្យមួយ​រូប ដោយលើកឈ្មោះប្រទេសប្រេស៊ីល នៅ​គ្រប់ទីកន្លែង ដែលគាត់បានទៅ»។

សម្រាប់​អ្នក​ស្នងតំណែងលោក Bolsonaro លោក Luiz Inacio Lula da Silva ដែល​ជា​ប្រធានាធិបតីជាប់ឆ្នោត បានសរសេរនៅលើគណនី Twitter ថា «ប្រជាជនប្រេស៊ីលតិចតួចប៉ុណ្ណោះ ដែលនាំ​យកឈ្មោះប្រទេសរបស់យើងទៅ​គ្រប់​ទីកន្លែង ដូចដែលគាត់បានធ្វើ»។

ចំណែក​ឯ​ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏​បាន​ពោល​សរសើរដែរថា កេរដំណែលរបស់លោក Pele នឹងរស់នៅជារៀងរហូត ដោយ​លោកបានសរសេរ នៅ​លើ​បណ្ដាញ​សង្គម Twitter ​ថា «ហ្គេម (ការ​ប្រកួត)។ ស្តេច។ ភាពស្ថិតស្ថេរ​ជារៀង​រហូត»៕