សន្ដិសុខសង្គម

រថយន្តលឿនបុកខឿនរង្វង់មូលបន្តបុកដើមត្នោតបណ្តាលឱ្យខ្ទេចខ្ទីផ្នែកមុខ

ភ្នំពេញ៖តៃកុងទំនងស្រវឹង បានបើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងជ្រុលបុកខឿនផ្លូវ​រួចឡើងលើសួនរង្វង់មូល ហើយបន្តទៅបុកដើមត្នោតបណ្ដាលឱ្យរថយន្តខ្ទេចខ្ទីផ្នែកខាងមុខ ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦A ត្រង់រង្វង់មូលព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២។

ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2AQ-3277 មានបុរសរួមដំណើរ២នាក់ តៃកុងសង្ស័យស្រវឹងបានបើកយ៉ាងលឿនតាមផ្លូវជាតិលេខ៦A ពីកើតទៅលិច។មកដល់ផ្លូវកោងក៏បានជ្រុលបុកខឿនផ្លូវឡើងលើរង្វង់មូលព្រហ្មរួចបន្តបុកដើមត្នោត​ពេញទំហឹងបណ្ដាលឱ្យថយន្តខូចកំណាត់មុខស្ទើរតែទាំងស្រុង តែមិនមានគ្រោះថ្នាក់ដល់ជីវិត​អ្នកបើកបរនិងមនុស្សឯទៀតទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យ​នគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ