សន្ដិសុខសង្គម

រថយន្តទំនើបបុករបាំងថ្មខ្ទាតប៉ះម៉ូតូក្រឡាប់ផ្ងារកង់ មនុស្ស៣នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​រថយន្តទំនើបបើកបុករបាំងថ្មចែកផ្លូវខ្ទាតទៅប៉ះម៉ូតូហើយក្រឡាប់ផ្ងារកង់ បណ្តាលឱ្យ​មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។ ​ហេតុការណ៍នេះបានកើតឡើង​នៅម្តុំស្តុបទេពផន​ តាមផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ផ្សារដេប៉ូ១​ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រ​ចូលថ្ងៃទី៣០ ខែធ្នូ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសចិនម្នាក់ជាមួយមិត្តភក្តិបើករថយន្តម៉ាកឡិចស៊ីស ផ្លាកលេខភ្នំពេញ2BG 9960 តាមផ្លូវម៉ៅសេទុង​ក្នុងល្បឿនលឿន។រថយន្តក៏រេចង្កូតបុករបាំងថ្មចែកផ្លូវ​បាក់អស់៣កង់រួចខ្ទាតទៅប៉ះម៉ូតូស្គូពីជិះ៣នាក់បណ្តាលឱ្យរងរបួសធ្ងន់​។

ចំណែករថយន្តក្រឡាប់ផ្ងារកង់ ត្រូវបានប្រជាពលរដ្ឋជួយទាញមនុស្សចេញពីក្នុងរថយន្ត​ហើយបន្ទាប់មក​​​ក៏គេចខ្លួនបាត់អស់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​សង្គ្រោះភ្លាមៗ។រីឯរថយន្តបង្កសមត្ថកិច្ចយកទៅទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំ​ដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ