សន្ដិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្តកៀរម៉ូតូដួលកិនស្លាប់ម្នាក់ របួសធ្ងន់២នាក់

ពោធិ៍សាត់៖សមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តធំបើកកៀរម៉ូតូដួលបណ្តាលឱ្យខ្ទាតមនុស្សចូលក្រោមកង់កិនស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម និងរងរបួសធ្ងន់២នាក់។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នោះ​បានកើតឡើងលើផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែធ្នូ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តធំម៉ាក​ហ៊ីយ៉ាន់ដាយ ផ្លាកលេខពោធិ៍សាត់3A-0908 បើកបរដោយឈ្មោះ វិត ដាវីន អាយុ ២៩ឆ្នាំ នៅភូមិអូគ្រៀត ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រថយន្តបានកៀរម៉ូតូដួលបណ្តាលឱ្យខ្ទាតមនុស្សចូលក្រោមកង់ហើយកិនស្លាប់ម្នាក់ របួសធ្ងន់២នាក់។ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់1K-6947។អ្នកស្លាប់ឈ្មោះ ជៀប សោភ័ណ្ឌ អាយុ៣៤ឆ្នាំ នៅភូមិអណ្តូងក្រសាំង ស្រុកបាកាន។អ្នករួមដំណើរ២នាក់-ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះភ័ណ្ឌ សុផាណិត អាយុ១២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។រីឯអ្នកបើកបររថយន្តបានរត់​គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុក​បាកាននិងបន្តរកចាប់តៃកុងរថយន្តយកមកដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ