អន្តរជាតិ

ពូទីនសាទរលោក Netanyahu វិលត្រឡប់មកកាន់តំណែងជារដ្ឋាភិបាលអ៊ីស្រាអែលម្តងទៀត

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើសារអបអរសាទរលោក Netanyahu ដែលបច្ចុប្បន្នបានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីអ៊ីស្រាអែល។

យោងតាមប្រភពសារព័ត៌មានបានដកស្រង់សារអបអររបស់វិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានសម្ដែងទឹកចិត្តចូលរួមអបអរសាទរចំពោះការវិលត្រឡប់របស់លោក Benjamin Netanyahu យ៉ាងខ្លាំង ដោយកត់សម្គាល់ពីចេតនាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល។ ក្នុងសារនោះ លោកពូទីនបាននិយាយថា “ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់អ្នកនឹងបន្ត​ខ្សែបន្ទាត់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-អ៊ីស្រាអែលលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍​ដល់ប្រជាជនរបស់យើង ក្នុងផលប្រយោជន៍នៃការធានាសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា”។

សារបានបន្តទៀតថា “នៅក្នុងប្រទេសរុស្ស៊ី យើងដឹងគុណយ៉ាងខ្លាំងចំពោះការរួមចំណែកផ្ទាល់ខ្លួន និងយូរអង្វែងរបស់អ្នកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសរបស់យើង” ។

គួរចាប់សង្កេតថា បន្ទាប់ពីមានការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈមក អ៊ីស្រាអែលបានប្រកាន់ជំហរប្រុងប្រយ័ត្នចំពោះទីក្រុងមូស្គូ ដោយស្វែងរកជំហរអព្យាក្រឹតភាព រហូតមិនបានទាំងយល់ព្រមតាមសំណើអ៊ុយក្រែនបញ្ជូននូវប្រព័ន្ធIron dome ទៀតផង។ អ៊ីស្រាអែលបានសង្កត់ធ្ងន់ជាពិសេសទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ ខណៈអ៊ីស្រាអែលមានពលរដ្ឋជាងមួយលាននាក់មកពីអតីតសហភាពសូវៀត។ យ៉ាងណាក៏ដោយ ស្ថិតក្រោមឥទ្ធិពលរបស់នាយករដ្ឋមន្រ្តីថ្មីនេះ គេមិនទាន់ដឹងថាតើអ៊ីស្រាអែលនឹងបន្តប្រកាន់ខ្ជាប់​គោលនយោបាយដដែល ឬយ៉ាងណានោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា