សេដ្ឋកិច្ច

នាវាទេសចរណ៍ SEABOURN ENCORE និងទេសចរជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានដោយ Covid ១៩

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត មន្ត្រីកំពង់ផែ បានទទួលស្វាគមន៍ដំណើរមកដល់​នាវាទេសចរណ៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយភាពកក់ក្តៅនិងសប្បាយរីករាយ។ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:៤៥នាទីព្រឹក នាវាទេសចរណ៍ SEABOURN ENCORE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទី១  បន្ទាប់ពីការអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

នាវាទេសចរណ៍ SEABOURN ENCORE នឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុជាមួយអ្នក​ដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ ដែលនេះគឺជាការចូលចតលើកទី១ជាថ្មីឡើងវិញ ។

មានប្រសាសន៍ស្វាគមន៍ចំពោះភ្ញៀវទេសចរនាឱកាសនោះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ​ទេសចរណ៍របស់នាវា ក៏ដូចជាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុ​នាឱកាសនេះ ដែលបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ​ពេញលេញក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសការទប់ស្កាត់រីករាលដាលនៃជំងឺ covid ១៩ រហូតបើកទទួលទេសចរ អ្នកវិនិយោគឡើងវិញ​ទូទាំងប្រទេស ជាក់ស្ដែងនៅថ្ងៃនេះគឺបានទទួលស្វាគមន៍នាវាទេសចរណ៍ដែលមានភ្ញៀវទេសចរ​ប្រមាណជិត៥រយនាក់ចូលមកទស្សនាដែលបានខកខានជាង២ឆ្នាំកន្លងមក។

នគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុឲ្យដឹងថា  នាវាទេសចរណ៍ មួយគ្រឿងដឹកភ្ញៀវ​ទេសចរចម្រុះជាតិសាសន៍ចំនួន ៣៩៥នាក់  (ស្រី  ២០០នាក់) មកទស្សនាប្រទេសកម្ពុជាយើង​រយៈពេល១ថ្ងៃ។

នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ  BAHAMAS ដែលមានប្រវែងបណ្តោយ  ២១០,៥០ម៉ែត្រ  ប្រវែងទទឹង២៨ម៉ែត្រ  ជម្រៅទឹក៦,៧ម៉ែត្រ  មាននាវិកសរុបចំនួន  ៤៣២  នាក់  (ស្រី  ៩៣នាក់)  ។

នាវាចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា នងចាកចេញទៅវិញឆ្ពោះទៅប្រទេសវៀតណាម នៅរសៀលថ្ងៃដដែល៕