សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យប្រើកាំបិតចាក់ស្ត្រីម្នាក់ឱ្យរបួសធ្ងន់ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានចាប់ជនសង្ស័យករណី ប្រើកាំបិតចុងស្រួចចាក់ស្ត្រីម្នាក់ឱ្យរងរបួសធ្ងន់ និងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបានកើតឡើងនៅបន្ទប់ជួល ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២។ជនសង្ស័យឈ្មោះ មាស សុវណ្ណ អាយុ៣៦ឆ្នាំ អ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។រីឯស្ត្រីរងគ្រោះឈ្មោះ ហ៊ឹម សុផា អាយុ៣៦ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិ ឃុំជាមួយគ្នា។នាងរងរបួសលើផ្ទៃមុខ-ដៃខាងឆ្វេងជាច្រើនកន្លែង និងចំទ្រូងខាងស្ដាំដេរចំនួន៥០ថ្នេរ។វត្ថុតាងចាប់បាន-កូនកាំបិតចុងស្រួច១។

មុនកើតហេតុ ជនសង្ស័យបានតាមសុំស្រឡាញ់ស្ត្រីរងគ្រោះជាច្រើនលើក១ឆ្នាំមកហើយ តែនាងបានបដិសេធរហូត។នៅថ្ងៃទី២៩ ខែធ្នូ ជនសង្ស័យបានព្យាយាមតាមសុំស្រឡាញ់នាងទៀត តែនាងព្យាយាមគេចចេញ។ជនសង្ស័យក៏បានយកកាំបិតចុងស្រួចចូលក្នុងបន្ទប់ហើយចាក់ស្ត្រី រងគ្រោះឱ្យរបួសជាច្រើនកន្លែងរួចគេចខ្លួន។ក្រោយមកកម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវ ចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជួនបន្ត៕ដោយ៖វិចិត្រ