សេដ្ឋកិច្ច

ចិន​ផ្តល់​កម្ចី ១២១​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ជួសជុល​ផ្លូវជាតិ​លេខ​៣១ និង​៣៣

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល បាន​បើក​ការដ្ឋាន​ស្តារនិង​លើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ​ទៀត​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពតនិង​ខេត្ត​កែប ក្រោម ​កម្ចីសម្បទាន ១២១​លាន​ដុល្លារ ពី​ប្រទេស​ចិន​។​ពិធីបើកការដ្ឋាន ត្រូវបាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ធិបតី​ភាព​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​។​

​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​នេះ នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​(CRBC)​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេសក្វាង​ចូ​វ​វ៉ាន​អាន​។​ផ្លូវ​ទាំងពីរ​ខ្សែ​គ្រោង​ប្រើ​ពេលវេលា​សាងសង់​ចំនួន​៤០​ខែដោយ​គ្រោង​បញ្ចប់​ការសាងសង់ ​នៅក្នុង​ឆ្នាំ​២០២៦​។​

​ការលើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៣១ គ្រោង​ចំណាយ​ថវិការ​ជាង ៦០​លាន​ដុល្លារ​អាមេរិក និង​ផ្លូវជាតិ​លេខ​៣៣ គ្រោង​ចំណាយ​ជាង ៦១​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​។​

​ផ្លូវជាតិ​លេខ​៣១ មាន​ប្រវែង​សរុប​ជិត ៥៤​គីឡូម៉ែត្រ ចាប់ពី​បែក​គុ​ស (​ចំណុច ប្រសព្វ​ផ្លូវជាតិ​លេខ​៣) ទៅដល់​ទីរួមស្រុក​កំពង់ត្រាច (​ចំណុច​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣)​។​ដោយឡែក​ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង​សរុប​ជិត ៥៣​គីឡូម៉ែត្រ ចាប់ពី​ក្រុង​កំពត (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣) ដល់​ច្រក​លក (​ព្រំដែន​កម្ពុជា​-​វៀតណាម​) រួមទាំង​ផ្លូវ​ត​ភ្ជាប់ ក្នុង​ក្រុង​កំពត (​ផ្លូវ​ក្រុង​លេខ ៧០៩)​៕ដោយៈសិរីមតី