អន្តរជាតិ

ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី២៨ និង២៩ មនុស្សច្រើននាក់ស្លាប់ និងរបួស

ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីថ្ងៃទី២៨ និង២៩ ខែធ្នូ អាជ្ញាធរបានរាយការណ៍ថាមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅទូទាំងប្រទេស។

យោងតាមអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Kyrylo Tymoshenko បានជូនដំណឹងតាមតេលេក្រាមថា មនុស្សពីរនាក់បានស្លាប់ និង១២នាក់បានរងរបួស ពួកគេគឺជាជនស៊ីវិលដែលបានរងគ្រោះដោយកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីសម្រាប់ថ្ងៃទី២៨ ខែធ្នូ គិតត្រឹមម៉ោង ៩ ព្រឹក។ ដោយឡែកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២៖ “តំបន់ Zaporizhia – មនុស្សម្នាក់បានស្លាប់។ នៅតំបន់ Kharkiv – របួសបីនាក់ [រួមទាំងពីរនាក់ដោយសារគ្រាប់មីន] ។ តំបន់ Kherson ភាគខាងត្បូងវិញ – មនុស្សម្នាក់ស្លាប់ និងប្រាំបួននាក់រងរបួស។

ការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែននៅអំឡុងឈានចូលចុងសប្តាហ៍នេះ ពិសេសនៅថ្ងៃទី២៩ ខែធ្នូ បានធ្វើឲ្យមានការផ្ទុះឮសូរយ៉ាងខ្លាំងក្លាទូទាំងរដ្ឋធានីគៀវ និងទីក្រុងទូទាំងប្រទេស។ អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះហាក់ខុសប្លែកនឹងសព្វមួយដង ពោលគឺសម្រុកមកពីគ្រប់ទិសដៅ និងសព្វាវុធច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើក ខណៈមីស៊ីលសរុបប្រហែល១២០គ្រាប់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា