សន្ដិសុខសង្គម

កម្លាំងកម្ពុជា-ថៃបន្តរុករកជនរងគ្រោះ ក្នុងហេតុការណ៍ឆេះកាស៊ីណូក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ក្រុមរុករកនិងសង្គ្រោះកម្ពុជា-ថៃ ព្រឹកថ្ងៃ៣០ ខែធ្នូនេះ បានចាប់ផ្តើមបន្តរក ជនរងគ្រោះដោយសារភ្លើងឆេះកាស៊ីណូ ខណៈរកឃើញអ្នកស្លាប់ជិត២០នាក់និងរបួសជិត១០០នាក់។

សូមបញ្ជាក់ថា ចាប់ពីម៉ោង៧យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើន​ដល់ជិត​២០នាក់និងរបួសជិត១០០នាក់ចំណោមបុគ្គលិកប្រុសស្រីប្រមាណជាង៤០០នាក់។មនុស្សដែលស្លាប់និងរបួសមានទាំងជនជាតិខ្មែរនិងជនបរទេស។

ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ខ្លះទៀតស្លាប់នៅផ្លូវដើរ-នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យតែរត់មិនរួចដោយសារភ្លើងនិងផ្សែងយ៉ាងខ្មួលខ្មាញ់។អ្នកមានជីវិតខ្លះត្រូវបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃនិងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យនៅជិតទីនោះក្នុងខេត្តបន្ទាយមានជ័យ។

ការជួយសង្គ្រោះមានកម្លាំងកងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ នៃកងពលតូចលេខ​៧០-កម្លាំងអាជ្ញាធរខេត្ត មាន-នគរបាល-អាវុធហត្ថ-យោធា និងមានការចូលរួមពីកងកម្លាំង​សមត្ថកិច្ចប្រទេសថៃ។ គួររំលឹកថា គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលមូលហេតុត្រូវបានគេអះអាងថា មកពីឆ្លងចរន្ដអគ្គិសនីនៅ​ទីតាំងហ្គេមជាន់ក្រោម ហើយភ្លើងបានឆេះរីករាលដាលយ៉ាងសន្ធោសន្ធៅតែម្ដង៕ដោយ៖វិចិត្រ