កីឡា

Haaland សោក​ស្ដាយ​រក​មិន​បាន ៥គ្រាប់ ក្នុង​ជ័យ​ជម្នះ​របស់ Man City

ខ្សែប្រយុទ្ធ Erling Haaland បាន​និយាយរអ៊ូរទាំដោយសោក​ស្ដាយ​ ដែលមិនអាច​ស៊ុតបញ្ចូលទី​ឱ្យ​បាន ៥គ្រាប់ ក្នុង​ការប្រកួត នៅ​ទីក្រុងកំណើតរបស់ខ្លួន ខណៈដែលកីឡាករសញ្ជាតិន័រវែស ទម្លុះ​សំណាញ់​ទី​បាន ២ដង ក្នុងជ័យជម្នះ ៣-១ របស់ក្រុម​មេឃខៀវ Manchester City នៅ​ឯផ្ទះ​របស់​ក្រុម Leeds ដែល​ជា​លទ្ធផល​ជួយ​រុញ​ពួក​គេ​ឱ្យ​ឡើងទៅកាន់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League។

កីឡាករ Haaland បានចំណាយពេលជា​ច្រើន​ឆ្នាំដំបូង នៅតំបន់ Yorkshire ខណៈដែលឪពុករបស់គេ លោក Alfe Inge បាន​ប្រកប​អាជីព​ជាមួយ​ក្លិប Leeds ប៉ុន្តែក្នុង​ហ្គេម​នេះ រូប​គេ​មិនបានបង្ហាញពីក្តីមេត្តា ឬការ​យោគ​យល់​នោះ​ឡើយ ខណៈដែលក្រុម Man City ​នាំ​ខ្លួន​ឯង​ឱ្យ​ត្រឡប់​មកកាន់​ផ្លូវ​នៃការ​ប្រកួត​ប្រជែង​ដណ្ដើម​ពានវិញ។

ក្រុម​របស់លោក Pep Guardiola បានវិល​ទៅឈរ ក្នុងគម្លាត ៥ពិន្ទុពីក្រុមកាំភ្លើង Arsenal ដែល​កំពុង​នាំ​មុខ​នៅទី​កំពូលតារាង ខណៈដែលពួកគេ​ធ្វើ​បាន​យ៉ាង​ប្រសើរ​ឡើង​វិញពីការរង​បរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោមស្នាដៃរបស់​ក្រុម Brentford មុនពេលឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup។

កីឡាករ Haaland នាពេលនេះ រកបាន ២០គ្រាប់ហើយ នៅ Premier League ក្នុងចំណោម​ការបង្ហាញខ្លួន ១៤លើក តាំងពីមក​ចូលរួមជាមួយក្រុម Man City ប៉ុន្តែនៅតែមិនមាន​ការ​ពេញចិត្ត បន្ទាប់ពីមិន​អាច​ឆ្លង​ផុត​អ្នក​ចាំទី​ Illan Meslier របស់​ក្រុម Leeds នៅពេល​ដាច់មួយទល់នឹង​មួយចំនួន ៣លើក។

ក្រោយ​ចប់​ការ​ប្រកួត​នេះ Haaland បានប្រាប់បណ្ដាញាសារព័ត៌មាន Amazon Prime ថា៖ «ខ្ញុំគួរ​តែ​អាចរកបាន ៥គ្រាប់ នោះជាការពិត តែយ៉ាងណា ​ជ័យ​ជម្នះ​របស់យើង គឺ​ជារឿងសំខាន់បំផុត។ ឥឡូវនេះ យើង​ឃើញហើយថា ក្រុម​ Arsenal ឈរ​នៅទីកំពូល ដូច្នេះ យើងត្រូវតាមប្រដេញ​ពួកគេ ប៉ុន្តែសម្រាប់ខ្ញុំ ក្នុងនាមជាខ្សែប្រយុទ្ធ ខ្ញុំអាចស៊ុតបញ្ចូលទីបាន ២-៣គ្រាប់ទៀត។ នោះហើយជាជីវិត ខ្ញុំត្រូវតែប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែមទៀត»។

ក្រុមភ្ញៀវ Man City មានគ្រាប់បាល់​នាំ​មុខ នៅ​នាទីទី៤៥+១ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ Rodri មុននឹងកីឡាករ Haaland បន្ថែម ២គ្រាប់​ផ្ទួន​ៗ នៅ​នាទីទី៥១ និង ៦៤។ ចំណែក​គ្រាប់​បាល់​របស់ក្រុម​ម្ចាស់​ផ្ទះ Leeds ធ្វើ​បាន​សម្រេច​ដោយ​​ខ្សែការ​ពារ Pascal Struijk នៅនាទីទី៧៣៕