អន្តរជាតិ

អ្នកស្ម័គ្រចិត្តជនជាតិអូស្រ្តាលីម្នាក់បានស្លាប់ក្នុងសមរភូមិប្រយុទ្ធអ៊ុយក្រែន

ជនជាតិអូស្រ្តាលីម្នាក់ត្រូវបានគេបញ្ជាក់មកថាស្លាប់ហើយនៅសប្តាហ៍នេះ បន្ទាប់ពីបានចូលរួម​ស្ម័គ្រចិត្ត​ប្រយុទ្ធការពារប្រទេសអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

បើតាមនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់អូស្ត្រាលី ហៅកាត់ (DFAT) បាននិយាយកាលពីថ្ងៃពុធទី ២៨ ខែធ្នូ បុរសជនជាតិអូស្ត្រាលីដែលបានស្លាប់នោះមានឈ្មោះថា Sage O’Donnell មកពីរដ្ឋ Victoria ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ដែលបានចុះឈ្មោះស្ម័គ្រចិត្តទៅ​ប្រយុទ្ធនៅអ៊ុយក្រែន ខណៈឥឡូវនេះត្រូវបានគេកំណត់អត្តសញ្ញាណបានស្លាប់ហើយ ពោលគឺស្លាប់មុនថ្ងៃបុណ្យណូអែលទៅទៀត។នៅក្នុងសេចក្តី​ថ្លែងការណ៍មួយតាមរយៈ DFAT ម្តាយរបស់ O’Donnell បាននិយាយថា៖ កូនប្រុសរបស់គាត់ “ពិតជាបានស្លាប់មែននៅក្នុងសកម្មភាពការពារ​សេរីភាពរបស់ប្រជាជនអ៊ុយក្រែន” ។ “Sage បានជ្រើសរើសសកម្មភាពនេះដោយផ្អែកលើការ​សម្រេចចិត្តរបស់គាត់ចំពោះប្រជាជនអ៊ុយក្រែន និងភាពអយុត្តិធម៌ដែលកំពុងកើតឡើង។ គាត់បានលង់ស្រលាញ់អ៊ុយក្រែននិងវប្បធម៌ប្រទេសនេះ ហើយបានបន្ទាបខ្លួនដោយ    សេចក្តី​សប្បុរស និងបដិសណ្ឋារកិច្ចនៅក្នុងសហគមន៍ថ្មីរបស់គាត់”។

ចំពោះព័ត៌មានលម្អិតបន្ថែម ប្រភពខាងលើមិនបានបញ្ជាក់ទីតាំង ឬប្រភេទអាវុធអ្វី​ដែលធ្វើឲ្យ​បុគ្គលនេះស្លាប់នោះទេ។ ក្នុងរយៈពេល ១០ ខែកន្លងមកនេះ ក្រុមអ្នកស្ម័គ្រចិត្តមកពីជុំវិញ​ពិភពលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់ ដើម្បីចូលរួមចលនា​ប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថាជាការឈ្លានពានពីប្រទេសរុស្ស៊ី។ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ចេញតួលេខជនបរទេសដែលបានស្លាប់ក្នុងសមរភូមិទេ តែនៅក្នុងខែមិថុនា ក្រសួងការពារជាតិរុស្ស៊ីបែរជាបាននិយាយថា “ទាហានស៊ីឈ្នួលបរទេសនៅអ៊ុយក្រែន” ចំនួន ១.៩៥៦ នាក់ត្រូវបានស្លាប់នៅក្នុងសមរភូមិ​ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ នៅពេលនោះផងដែរ ទីក្រុងមូស្គូក៏បាននិយាយថា យុទ្ធជនបរទេសជិត ៧.០០០ នាក់បានមកដល់អ៊ុយក្រែន ដើម្បីចូលរួមជម្លោះ ខណៈ ១.៧០០ នាក់បានត្រឡប់ទៅវិញ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា