អន្តរជាតិ

អ៊ុយក្រែន៖ ថ្ងៃនេះរុស្ស៊ីបើកការវាយប្រហារ គ្រប់ទិសដៅមកលើទីក្រុងគៀវ និងខាគៀវ

អាជ្ញាធរ ព្រមទាំងកងកម្លាំងអ៊ុយក្រែន បានរាយការណ៍បន្ទាន់នៅថ្ងៃនេះថា រុស្ស៊ីបានបើកការ​វាយប្រហាររំពងពេញអាកាសខ្លាំងយកតែមែនទែនចេញពីគ្រប់ទិសដៅ សម្រុកមកលើរដ្ឋធានីគៀវ និងទីក្រុងជិតខាង។

យោងតាមអ្នកកាសែតអាល់ចាហ្សេរ៉ា ដែលបានកំពុងស្ថិតនៅកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងសេចក្តីរាយការណ៍លម្អិតថា នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ    រុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងបំផុតទូទាំងរដ្ឋធានីគៀវ និងខាគៀវ សូម្បតែទីក្រុងភាគខាងលិចលីវី ជាធម្មតាមិនសូវមានការវាយប្រហារក៏ត្រូវបានឮសំឡេងផ្ទុះ   ដែរ។ យោងតាមអភិបាលទីក្រុងខាគៀវ លោក Ihor Terekhov ភាគខាងកើតនៃប្រទេស​អ៊ុយក្រែន​បានរាយការណ៍ថា មីស៊ីលរបស់រុស្ស៊ីបានហោះមកពីគ្រប់ទិសដៅ តម្រង់មកកាន់ទីក្រុង បណ្តាលឲ្យឮសំឡេងផ្ទុះជាបន្តបន្ទាប់។ ដោយឡែក បើតាមអភិបាលរដ្ឋធានីគៀវវិញ ក៏បានព្រមានអ្នកស្រុកពីការដាច់ចរន្តអគ្គិសនីផងដែរ ដោយអំពាវនាវឲ្យប្រញាប់សាកថ្មឲ្យ​ពេញៗគ្រប់ដៃ។

យោងតាមរបាយការណ៍ចេញពីកងទ័ពអាកាសអ៊ុយក្រែននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំ សត្រូវកំពុងវាយប្រហារ​អ៊ុយក្រែនពីទិសដៅផ្សេងៗគ្នា ដោយបានប្រើប្រាស់កាំជ្រួច​រយៈចម្ងាយឆ្ងាយតាមអាកាស តាមសមុទ្រ ពីយន្តហោះ  និងកប៉ាល់ និងទំនងជាមានទាំងយន្តហោះគ្មានមនុស្សបើកKamikazeផងដែរ។ បើទោះបីជាប្រព័ន្ធស្ទាក់ចាប់អ៊ុយក្រែនហាក់ដូចជាបានបាញ់ទម្លាក់ខ្លះចោលហើយក៏ដោយ តែការផ្ទុះនៅលើដីនៅតែត្រូវបានឮសូរយ៉ាងខ្លាំង។

មិនមានរបាយការណ៍ពីខាងរុស្ស៊ីនោះទេ តែបើតាមលោកហ្សេឡិនស្គីប៉ាន់ប្រមាណ រុស្ស៊ីនឹងបើកការ​វាយផ្តាច់ខ្លាំងយកខេត្តដូណេតនៅថ្ងៃដាច់ឆ្នាំនេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា