សេដ្ឋកិច្ច

អភិបាលខេត្ត​៖​កំពង់ស្ពឺ​មាន​រោងចក្រ​ជិត​៤០០​និង​ផ្តល់​ការងារ​ជាង​១៦​ម៉ឺន​នាក់​

​ភ្នំពេញ​៖លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា​៖​ស្ថានភាព​ខេត្តកំពង់ស្ពឺ​ក៏ដូចជា​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​នាពេល​បច្ចុប្បន្ន មិន​ដូច​អតីតកាល​ទៀត​នោះឡើយ​។ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​បាន​ប្រែ​មុខមាត់​ថ្មី​មានការ​រីកចម្រើន​ខ្លាំង ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​ល្អប្រសើរ មិន​ដូច​ពាក្យ​ដំណៀល​ពី​អតីតកាល​ទៀត​នោះទេ​។​

​ពី​តំបន់​ប្រយុទ្ធ​កាល ពី​សម័យ​សង្គ្រាម មកដល់​ពេលបច្ចុប្បន្ន កំពង់ស្ពឺ​បានប្រែក្លាយ​ជា​តំបន់ឧស្សាហកម្ម​យ៉ាងច្រើន​កុះករ​ដែល​ជាក់ ស្តែង​មកដល់ពេលនេះ ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​បាន​បើក​ដំណើរការ និង​កំពុងមាន​ការទាក់ទង សុំ​បើក​ដំណើរការ​ជាច្រើន​កន្លែង​។​មិនមាន​ការព្រួយបារម្ភ​រឿង​ខ្វះ​រោងចក្រ​ឱ្យ​កម្មករ​ធ្វើ​នោះទេ មានតែ​ខ្លាច​រឿង​ខ្វះ​កម្លាំង​ពលកម្ម​ដើម្បី​ធ្វើការ​ទៅវិញ​នោះទេ​»​។​

​បើតាម​លោក​អភិបាលខេត្ត បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​សរុប​ប្រមាណ ៣៨១​រោងចក្រ​។ តាមរយៈ​រោងចក្រ​ទាំងនេះ បានផ្តល់​ការងារ​ជិត ១៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​សុទ្ធសឹង​ជា​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​។ តាមរយៈ​វត្តមាន​រោងចក្រ សហគ្រាស​ទាំងនេះ បាន​ក្លាយ ទៅជា​ការដ្ឋាន​ការងារ និង​ជា​ប្រភព​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ជួយ​ជីវភាព​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​៕ដោយៈសិរីមតី