សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល ទំនិញ​និង​សេវា​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង បន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​កា​រ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​និង​សេវា នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម និង​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដែល មាន​អ្នកចូលរួម​សរុប ប្រមាណ ២៥០នាក់ ដែលជា​អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ដែលជា​ប្រធាន​ក្រុមហ៊ុន និង​អ្នកជំនួញ​ដែល​ធ្វើ​ធុរកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​និង​សេវា​ដែល​រាជ​រដ្ឋាភិបាល​ទើបនឹង​ប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​លើកកម្ពស់​និង​ជំរុញ​កិច្ចការពា​អ្នកប្រើ​ប្រាស់​ន​ប្រទេស​កម្ពុជា តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ដោយស្មោះ​ត្រង់ និង​សុចរិត​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​អ្នកធ្វើ​ធុរកិច្ច​ផ្តោត​យកចិត្ត​ទុក​ដាក់​​លើ​គុណ​ភា​នៃ​ផលិតផល​ទំនិញ​និង​សេវា ដែល​ត្រូវ​ផ្តល់ជូន​អតិថិជន និង​អ្នកប្រើប្រាស់​ជា​ចម្បង​ជាមួយ​ការផ្សាយពាណិជ្ជកម្ម​មួយ​ដ៏​ត្រឹមត្រូវ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ខ្លឹមសារ​សំខាន់ៗ​នៃ​អនុក្រឹត្យ​នេះ រួមមាន​៖
(១). ការបង្កើត​នូវ​យន្តការ​ដោយ​ស្ម័គ្រចិត្ត ចំពោះ​បុគ្គល​ផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​និង​/​ឬ​សេវា ក្នុងការ​ស្នើសុំ​លិខិតបញ្ជាក់ អនុលោមភាព​នៃ​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​និង​/​ឬ​សេវា លើ​អត្ថបទ ឬ​ស្ព​ត​ផ្សាយពាណិជ្ជកម្ម របស់ខ្លួន ពី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម​។ នេះ​មានន័យថា​បុគ្គល​ផ្សាយពាណិជ្ជកម្ម​មាន​ជម្រើស ក្នុង​ការមិន​ស្នើសុំ​លិខិតបញ្ជាក់​អនុលោមភាព​នៃ​អត្ថបទ ឬ​ស្ព​ត​ផ្សាយ​របស់ខ្លួន​បាន ប៉ុន្តែ​ត្រូវ​ធានាថា​អត្ថបទ​ឬ​ស្ព​ត ឬ​គម្រោង​នៃ​ការផ្សាយពាណិជ្ជកម្ម នៃ​ការផ្សាយពាណិជ្ជកម្ម​ទាំងនោះ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ឬ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដើម្បី​ចៀសវាង​ការបំពានច្បាប់​ណាមួយ កើតឡើង​ជាយថាហេតុ​។​
(២). ការកំណត់​នូវ​កាតព្វកិច្ច ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ដោយ​ផ្ដល់​រង្វាន់ ដែល​ត្រូវគោរព​តាម​លក្ខខណ្ឌ​តម្រូវ ក្នុងការ​ផ្តល់ព័ត៌មាន​និង​ឯកសារ​បញ្ជាក់​មក​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម ដែល​រួមមាន ផលិតផល​ទំនិញ​សរុប ដែលមាន​រង្វាន់ ប្រភេទ​រង្វាន់ និង​ចំនួន​រង្វាន់​សរុប សុពលភាព​នៃ​ការផ្ដល់​រង្វាន់ ទីតាំង​ជាក់លាក់​ដែល​ត្រូវ​ផ្តល់រ​ង្វាន់ និង​អត្តសញ្ញាណ​អ្នកឈ្នះ​រង្វាន់ និង​អ្នក​ត្រូវ​រង្វាន់​ជាប្រចាំ​ខែ និង​ប្រចាំឆ្នាំ​។​
(៣). ការផ្តល់​សមត្ថកិច្ច​ដ​ល់អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ នៃ គ​.​ជ​.​ក​.​ប​. និង​គ​.​ប​.​ក​. ក្នុង​ការចេញ​លិខិតបញ្ជាក់​អនុលោមភាព នៃ​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ​និង​/​ឬ​សេវា ព្រមទាំង​ត្រួតពិនិត្យ និង​តាមដាន​នូវ​រាល់​ការផ្សាយពាណិជ្ជកម្ម ដែល​មិនមាន​អនុលោមភាព ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕​ដោយៈសិរីមតី