អន្តរជាតិ

ហ្វាំងឡង់សម្រុកទិញអុសស្តុកទុកប្រើក្នុងរដូវរងា ខណៈរុស្ស៊ីប្រកាសកាត់ផ្តាច់ប្រភពថាមពល

រដ្ឋាភិបាលប្រទេសហ្វាំងឡង់ បានជូនដំណឹងពីការសម្រុកទិញអុសស្តុកទុកនារដូវរងា ចំពេលដែលមានការគំរាមពីរុស្ស៊ីថានឹងកាត់ផ្តាច់ប្រភពថាមពលដល់រដ្ឋសហភាពអឺរ៉ុប។

លោក Riku Huttunen អគ្គនាយកគោលនយោបាយថាមពល និងអាកាសធាតុនៅក្រសួង​សេដ្ឋកិច្ចហ្វាំងឡង់បាននិយាយកាលពីថ្ងៃពុធថា ហ្វាំងឡង់ត្រូវតែរៀបចំទុកមុននូវអ្វីគ្រប់យ៉ាង​សម្រាប់គ្រាអាសន្ន។ “ហ្វាំងឡង់ធ្លាប់នាំយកថាមពលមួយភាគបីពីប្រទេសរុស្ស៊ី តែឥឡូវនេះនាំយកស្ទើរតែជិតដល់សូន្យទៅហើយ” ។ លោក Huttunen បានបន្តប្រាប់ទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រថា “ហានិភ័យនៃការខ្វះខាតអគ្គិសនីគឺកំពុងកាន់តែ​ខិតជិតណាស់ ហើយវានឹងកាន់តែប្រឈមបើសិនជានៅភាគខាងត្បូងសីតុណ្ហភាពយើងមាននឹងធ្លាក់ចុះ -២០ អង្សាសេ និងនៅភាគខាងជើងអាចឈានដល់-៣០ អង្សាសេ” ។ ដោយមើលឃើញពីគ្រោះថ្នាក់នៃការចូលទៅ​ក្នុងរដូវរងាដ៏ឃោរឃៅមួយដែលមិនបានរៀបចំទុកជាមុន ហ្វាំងឡង់បានស្តុកទុកពិល ម៉ាស៊ីនបូមកម្ដៅ ឧបករណ៍កំណត់ម៉ោង បន្ទះស្រូបពន្លឺព្រះអាទិត្យ និងពិសេសបានទិញអុសស្តុកទុកចូលឃ្លាំង។

អស្ថិភាពអឺរ៉ុបកំពុងកើតមានឡើង ខណៈថ្មីៗនេះប្រធានាធិបតីរុស្ស៊ីពូទីន បានចុះហត្ថលេខា​កាត់ផ្តាច់ការនាំចេញប្រេងទៅកាន់រដ្ឋជាសហភាពអឺរ៉ុបនៅដើមឆ្នាំ២០២៣ ដោយសាររដ្ឋទាំងនោះ​បានចូលរួមគ្នាកំណត់តម្លៃបន្ថោកប្រេងរុស្ស៊ី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា