អន្តរជាតិ

រុស្ស៊ីអនុញ្ញាតឲ្យទាហានខ្លួនដែលទៅប្រយុទ្ធនៅអ៊ុយក្រែនមានសិទ្ធិរក្សាមេជីវិតទុក ជៀសវាងការដាច់ពូជ

រដ្ឋាភិបាលរុស្ស៊ីបានសម្រេចអនុញ្ញាតឲ្យទាហានរបស់ខ្លួនដែលបានទៅប្រយុទ្ធនៅអ៊ុយក្រែនទាំងអស់មានសិទ្ធិរក្សាមេជីវិតទុកក្នុងឃ្លាំងវិទ្យាសាស្រ្ត ដើម្បីការពារការដាច់ពូជ គ្មានអ្នកបន្តត្រកូល។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធ បានឲ្យដឹងថា ទាហានរុស្ស៊ីដែលត្រូវបានប្រមូលផ្តុំទៅប្រយុទ្ធនៅអ៊ុយក្រែនគ្រប់រូប នឹងមានសិទ្ធិទទួលបានការរក្សាទុកនូវមេជីវិតឈ្មោលរបស់ពួកគេដោយឥតគិតថ្លៃនៅក្នុងឃ្លាំងវិទ្យាសាស្រ្ត។ ដោយដកស្រង់សម្តីលោក Igor Trunov ជាប្រធានសហភាពមេធាវីរុស្ស៊ី ប្រភពដដែលបាន​រាយការណ៍បន្តថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីក៏បានឆ្លើយតបយល់ព្រមទៅ​នឹងការអំពាវនាវសម្រាប់ជំនួយថវិកាសម្រាប់ទាហានណាដែលចង់ទទួលបានសេវាបែបនេះផងដែរ។  របាយការណ៍នៃការបង្កកមេជីវិតឈ្មោលនេះ បានលេចឡើងជាលើកដំបូងតាំងពីខែតុលាមកម្ល៉េះ តាមរយៈកាសែត Moskovskij Komsomolets របស់ប្រទេសរុស្ស៊ី ដែលនិយាយថាមានការគាំទ្រ​ពីសំណាក់លោកពូទីនផ្ទាល់តែម្តង។ អ្នកគាំទ្រវិមានក្រឹមឡាំងបានបញ្ចេញមតិថា ឥឡូវនេះ បុរសដែលមានសុខភាពល្អអាចបង្កកមេជីវិតឈ្មោលរបស់ពួកគេទុក ក្នុងករណីមានអ្វីមួយ​កើតឡើងចំពោះពួកគេ លទ្ធភាពក្នុងការក្លាយជាឪពុកក៏នៅតែមាន។

យ៉ាងណាក៏ដោយ ឧត្តមសេនីយ៍អាម៉េរិក Mark Milley បានប៉ាន់ប្រមាណកាលពីខែវិច្ឆិកាថា ទាហានរុស្ស៊ីប្រហែល ១០០.០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីការឈ្លានពានខែកុម្ភៈ។ លោក​ក៏​បាន​និយាយ​ដែរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុង​កៀវខាងអ៊ុយក្រែនក៏ “ប្រហែល​ជា” បាន​រង​គ្រោះ​ស្រដៀង​គ្នា​នេះ​ដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា