សន្ដិសុខសង្គម

រកឃើញ១០នាក់ស្លាប់ របួស៣០នាក់ និងច្រើននាក់ជាប់ក្នុងកាស៊ីណូឆេះ

បន្ទាយមានជ័យ៖ចំណោមបុគ្គលិកប្រហែល៤០០នាក់រកឃើញប្រមាណ១០នាក់បានស្លាប់របួសប្រហែល៣០នាក់និងជាច្រើននាក់កំពុងជាប់ក្នុងកាស៊ីណូកំពុងឆេះនៅខេត្តបន្ទាយមានជ័យ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា មនុស្សប្រហែល១០នាក់ត្រូវបានរកឃើញសព, របួសប្រហែល៣០នាក់ ក្នុងឧបទ្ទវហេតុអគ្គិភ័យឆេះកាស៊ីណូហ្គ្រែន ដាយអឺម៉ិនស៊ីធី ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ បង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។

កម្លាំងនគរបាល-អាវុធហត្ថខេត្តនិងកងកម្លាំងពាក់ព័ន្ធ បានជួយសង្រ្គោះជនរងគ្រោះក្នុងអគារកម្ពស់​១៧ជាន់និងបញ្ជូនរថយន្តបាញ់ទឹកនិងបានបញ្ជូនឧទ្ធម្ភាគចក្រពីរាជធានីភ្នំពេញមកក្រុងប៉ោយប៉ែតដើម្បីជួយសង្រ្គោះជនរងគ្រោះដែលកំពុងជាប់ក្នុងអគារកាស៊ីណូនោះ។នៅពេលភ្លើងកំពុងឆេះក៏មានកម្លាំង​ខាង​ប្រទេសថៃ​ជាច្រើននាក់មកជួយអន្តរាគមន៍សង្គ្រោះទាំងសម្ភារ រថយន្តបាញ់ទឹកនិងរថយន្តពេទ្យ។

សមត្ថកិច្ចបានបន្តថា ខណៈនោះមានជនរងគ្រោះ២នាក់បានសម្រេចចិត្តប្រថុយលោតចុះពី​អគារ​កម្ពស់១៧ជាន់បណ្តាលឱ្យស្លាប់នៅពេលលោតចុះមកដល់ក្រោម។តែរហូតដល់ម៉ោង៨ព្រឹកថ្ងៃទី២៩ ខែធ្នូ២០២២នេះ មនុស្សរាប់រយនាក់បន្តនៅជាប់ក្នុងអគារកាស៊ីណូនោះ។

ប្រភពបានឱ្យដឹងទៀតថា នៅក្នុងកាស៊ីណូដែលឆេះមានបុគ្គលិកប្រុសស្រីប្រហែល៤០០នាក់។គ្រោះអគ្គិភ័យនេះពេលថមថយ រកឃើញមនុស្សប្រុសស្រីប្រហែល១០នាក់​បានស្លាប់​-របួសប្រហែល៣០នាក់ ចំណែកអគារខូចខាតទាំងស្រុង៕ដោយ៖វិចិត្រ