សន្ដិសុខសង្គម

ផ្ទុះអាវុធពេលចុះបង្ក្រាបគ្រឿងញៀន បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានចុះបង្ក្រាបគ្រឿងញៀនក៏មានការផ្ទុះអាវុធ​ជាច្រើនគ្រាប់​ជាមួយក្រុមល្មើស ធ្វើឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ក្នុងហេតុការណ៍នេះកាលពីយប់ថ្ងៃទី២៨ ខែធ្នូ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានឱ្យអ្នកសារព័ត៌មានដឹងថា ដំបូងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ។ពេលបង្ក្រាបក៏មានផ្ទុះអាវុធតបតគ្នាបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់។

លោកអធិការរងបានបន្តថា មុនកើតហេតុ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានប្រកាសតាមវិទ្យុទាក់ទង ឱ្យពង្រាយកម្លាំងជួយតាមចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុមម៉ាកអាល់ហ្វាត ផ្លាកលេខ 0365 បន្ទាប់ពីក្រុមទាំងនោះបានផ្ទុះអាវុធជាមួយសមត្ថកិច្ចពេលចុះបង្ក្រាបគ្រឿងញៀន ។

សមត្ថកិច្ចបានដេញតាមរថយន្តខាងលើរហូតដល់ម្តុំស្តុបផ្លូវ៦០ម៉ែត្រកែង៥០ម៉ែត្រ ត្រូវកម្លាំងខណ្ឌដង្កោស្ទាក់ចាប់បានរថយន្តនោះដោយមានទាំងមនុស្ស៣នាក់ផង។ករណីខាងលើនេះគេមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនកម្លាំងមន្ទីរប្រឆាំងគ្រឿងផ្តើមពី​គោលដៅ​ណា​មក​នោះទេ ​ដែលបណ្តាលឱ្យមានការផ្ទុះអាវុធតបតគ្នាហើយបណ្តាលឱ្យ​កងកម្លាំងម្នាក់ត្រូវស្លាប់បែបនេះ។

បន្ទាប់មកសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្តសញ្ញាណមន្ត្រីនគរបាលដែលបានស្លាប់នៅឡើយទេ ខណៈកំពុងបន្តស៊ើបអង្កេត-ស្រាវជ្រាវតាមរកចាប់មុខសញ្ញាក្រុមជនសង្ស័យយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ