សន្ដិសុខសង្គម

ជិះម៉ូតូលឿនបុកគោយន្តកន្ត្រៃចំពីក្រោយ បណ្តាលឱ្យស្លាប់

ឧត្តរមានជ័យ៖គ្រោះថ្នាក់ចរាចរដោយបុរសម្នាក់ជិះម៉ូតូលឿន ជ្រុលបុកគោយន្តកន្ត្រៃចំពីក្រោយ​ពេញទំហឹងបណ្តាលឱ្យស្លាប់មួយរំពេច។ហេតុការណ៍នោះបានកើតឡើងនៅផ្លូវជាតិលេខ៦៧B ត្រង់ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ។

មន្ត្រីនគរបាលចរាចណ៍បានឱ្យដឹងថា ករណីនេះបង្កឡើងរវាងម៉ូតូនិងគោយន្តកន្ត្រៃទិសដៅ​ស្របគ្នាពីត្បូងទៅជើង បណ្តាលឱ្យបុរសម្នាក់ស្លាប់។

ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ផ្លាកលេខសៀមរាប1AM – 4357 បើកបរដោយឈ្មោះ ហ៊ំាង ឈួន អាយុ ២៣ឆ្នាំ នៅភូមិគោកត្របែក ស្រុកអង្គរជុំ ខេត្តសៀមរាប ។ចំណែកគោយន្តកន្ត្រៃបើកបរដោយឈ្មោះ ឆន វិត អាយុ ២៦ ឆ្នាំ នៅភូមិអូរគគីរកណ្តាល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីគោយន្តកន្ត្រៃ គ្មានចំណាំងផ្លាតសម្រាប់ជាសញ្ញាពេលយប់។ក្រោយមកកម្លាំងជំនាញបានចុះវាស់វែងយកម៉ូតូ​និងគោយន្តកន្ត្រៃទៅទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ