សន្ដិសុខសង្គម

ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ក្រចេះ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនទៅបុកគោយន្តកន្ត្រៃដឹកឈើ​ពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ហើយម៉ូតូបានឆេះខ្ទេច។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៧ ម្តុំអូរអណ្តាស់ ភូមិអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រលប់ថ្ងៃទី២៨ ខែធ្នូ។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ហេតុការណ៍នេះរវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ​ពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ម៉ូតូម៉ាកហុងដាឌ្រីម អ្នកបើកបរឈ្មោះសាហ្វី​ អី​ អាយុ​ ៤១ឆ្នាំ​ ​ខ្មែរអ៊ិស្លាមបានស្លាប់ភ្លាមនិងអ្នក​រួមដំណើរឈ្មោះវណ្ដា​  វ៉ាឃីន​​ អាយុ១៤ឆ្នាំ​ រងរបួសធ្ងន់។ទាំង២នាក់នៅភូមិវិហារសំបូរ​ ឃុំរកាពរប្រាំ​  ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​។

មុនកើតហេតុជនរងគ្រោះបើកម៉ូតូក្នុងល្បឿនលឿន​បានបុកគោយន្តកន្រ្តៃពីក្រោយ​ពេញទំហឹង។ខាងគោយន្តឈ្មោះខេន​  យ៉ោន ​​អាយុ៤៧ឆ្នាំ និងអ្នករួមដំណើឈ្មោះហ៊ៅ​  ​អាយុ៤៤ឆ្នាំ នៅភូមិកោះខ្ញែរ​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​  ខេត្តក្រចេះ​ ។

ករណីនេះបានបណ្តាលឱ្យម៉ូតូត្រូវភ្លើងឆេះអស់ទាំងស្រុងសល់តែគ្រោងដែក។ចំណែកគោយន្ត​ខូចខូចខាតបន្តិចបន្តួច។ក្រោយមកសមត្ថកិច្ចបានយកមធ្យោបាយទាំង២​គ្រឿងទៅទុកនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀងដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វីរ