សេដ្ឋកិច្ច

ក្រសួង​ដែនដី​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីជូ​ន​ប្រជាជន​ជាង​៣១​ម៉ឺន​បណ្ណ​នៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖​នៅ​ឆ្នាំ​២០២២ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​បណ្ណ​កម្មសិទ្ធិ​ដី​បាន​ចំនួន ៣១៥.៤៤១ បណ្ណ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន ២៦៤.៨០៤ បណ្ណ​។ នេះ​បើតាម​របាយការណ៍​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​។​

​ដោយឡែក គិតពី​ចាប់ផ្តើម​អនុវត្ត​ដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២ ក្រសួង​បាន​ចុះបញ្ជី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​សរុប ៦.៦៦៣.៩៧៧​បណ្ណ ស្មើនឹង​៩៥,២% នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​ចំនួន ៧​លាន​ក្បាលដី​។​ក្នុងនោះ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន ៦.០៣៨.១២០​បណ្ណ ខណៈ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេចបាន ៦២៥.៨៥៧​បណ្ណ​។​

​មួយវិញទៀត គិតពី​ចាប់ផ្តើម​អនុវត្ត​ដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២ រដ្ឋ​បាន​ចុះបញ្ជី​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​បាន​ចំនួន ៥៤.០១៨​បណ្ណ (​រាជធានី​ភ្នំពេញ​ចំនួន ៤៦.៥៩៥​បណ្ណ ខេត្ត​ព្រះសីហនុ​ចំនួន ៧.៤១០​បណ្ណ និង​ខេត្តសៀមរាប​ចំនួន ១៣​បណ្ណ​) និង​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ចំនួន ១២.៧៥៣​បណ្ណ (​ខ្មែរ​ចំនួន ៣.០៦០​បណ្ណ ជនបរទេស​ចំនួន ៩.២៧៤​បណ្ណ និង​ក្រុមហ៊ុន​ចំនួន ៤១៩​បណ្ណ​)​៕ដោយៈសិរីមតី