កីឡា

Man Utd ចាប់ផ្ដើម​ជីវិត​យ៉ាង​ត្រចះត្រចង់ ដោយ​មិន​មាន Ronaldo

ក្រុម​បិសាចក្រហម Manchester United បានចាប់ផ្តើមយ៉ាង​​វិជ្ជមាន ចំពោះ​ជីវិត​ ដែល​មិន​មានស៊ុបភើស្តារ Cristiano Ronaldo ខណៈដែលខ្សែប្រយុទ្ធ Marcus Rashford និង Anthony Martial បានចាក​ចេញពីស្រមោល​របស់កីឡាករសញ្ជាតិ​ព័រទុយហ្គាល់ ហើយ​មក​ស៊ុត​បញ្ចូល​ទី ក្នុងជ័យជម្នះ ៣-០ លើក្រុម Nottingham Forest កាលពីថ្ងៃអង្គារ។

ប៉ុន្តែអ្នកចាត់ការក្រុម លោក Erik ten Hag នៅតែកំណត់គោលដៅស្វែង​រក​ខ្សែប្រយុទ្ធ ដើម្បីយក​មក​ជំនួសកីឡាករ Ronaldo ក្នុងទីផ្សារដោះដូរ ដើម្បីធ្វើឱ្យបិសាចក្រហមកាន់តែមាន​ភាព​មុត​ស្រួច នៅ​តំបន់​ប្រយុទ្ធ។

ភាព​មិន​ច្បាស់លាស់ នៅដំណាក់កាល​ទី ២ របស់កីឡាករ Ronaldo នៅទឹកដី Old Trafford បានបញ្ចប់សព្វគ្រប់ អំឡុងការ​ឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup បន្ទាប់ពីរូប​គេ បាន​ផ្ដល់​បទសម្ភាសន៍ប្រកប​ដោយ​បកំហឹង​មួយ ដែលផ្តោតទៅ​លើ​លោក Ten Hag និងម្ចាស់ក្លិប។

កីឡាករ Rashford មាន​ការ​ផ្លាស់ប្ដូរ​គួរឱ្យ​កត់សម្គាល់​ នៅក្រោមការ​ដឹក​នាំ​របស់​លោក Ten Hag ដោយ​រូប​គេ​បាននាំ​យក​ទម្រង់លេងដ៏ល្អរបស់ខ្លួន ដែល​​លេង​ឱ្យ​ក្រុមអង់គ្លេស នៅ World Cup មក​បង្ហាញ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​ទើប​ចាប់​ផ្ដើម​ឡើង​វិញនេះ។

លោក Ten Hag បានប្រាប់បណ្ដាញសារព័ត៌មាន Amazon Prime ថា៖ «កីឡាកររបស់យើងពិត​ជាធ្វើបានល្អណាស់ ក្នុងការប្រកួតប្រជែង នៅ World Cup។ ខ្ញុំសប្បាយចិត្ត ដែលបានឃើញទម្រង់​លេង​នោះ ហើយឥឡូវនេះពួកគេបន្តធ្វើ​បែប​ហ្នឹង​ទៀត។ ពួកគេត្រូវតែបន្តកម្រិតនោះ​ទៅមុខទៀត ហើយ​ធ្វើ​ឱ្យ​វាកាន់តែប្រសើរ ពីមួយហ្គេមទៅមួយហ្គេម»។

កីឡាករ Rashford វ័យ ២៥ឆ្នាំ គឺ​ជាអ្នក​រកបាន​នូវ​គ្រាប់​បាល់​បើក​ឆាក ហើយ​បន្ទាប់​មក បានរួម​ចំណែក​បញ្ជូន​ឱ្យ​កីឡាករ Martial ​ទម្លុះ​សំណាញ់ទី ដើម្បីបន្ថែម​ការ​នាំឱ្យ​ក្រុម​ Man Utd នៅ​វគ្គ​ទី ១ មុន​ពេល​​ខ្សែបម្រើ Fred បាន​ជួយ​ធានា​នូវ​ជ័យ​ជម្នះ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ នៅ​ចុង​ម៉ោងនៃ​ការ​ប្រកួត​ទី១ របស់ខ្លួននេះ ក្រោយ​ឈប់​សម្រាក​ ៦សប្ដាហ៍​។

ការ​ដណ្ដើម​បាន ៣ពិន្ទុនេះ នាំឱ្យ​ក្រុម​ Man Utd នៅ​តែ​បន្ត​​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥ ដោយ​មាន ២៩ពិន្ទុ ហើយ​មាន​គម្លាត​តែ ១ពិន្ទុ​ប៉ុណ្ណោះពី​ក្រោម​ក្រុម​លេខ ៤ Tottenham Hotspur ដែល​លេង​លើស ១ហ្គេម៕