សន្ដិសុខសង្គម

មន្ត្រីជំនាញបញ្ជាក់ពីត្រីអណ្តែងងាប់នៅតំបន់អភិរក្សរាំងពេន ៣ត

បាត់ដំបង៖ករណីត្រីអណ្តែងងាប់ច្រើននៅក្នុងតំបន់អភិរក្សរាំងពេន ៣ត ខេត្តបាត់ដំបង មន្ត្រីជំនាញជលផលបានបញ្ជាក់ថា បង្កផលប៉ះពាល់ពីកក្តាធម្មជាតិ។

លោក ជួង សុភា ប្រធានជលផលបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះថា ហ្វូងត្រីអណ្តែងភាគច្រើនមានអាយុពី៤-៥ខែដែលងាប់ច្រើននេះបណ្តាលមកពីកត្តាធម្មជាតិធំៗចំនួន៣។ទី១-មកពីអាកាសធាតុប្រែប្រួលដោយមេឃក្តៅស្អុះស្អាប់ បង្កបញ្ហាដល់ហ្វូងត្រីពេលជិតភ្លឺខ្វះ​អុកស៊ីសែននិងហៅម៉្យាងថាត្រីពុល។ទី២-បណ្តាលមកពីត្រីច្រើនចង្អៀតពេក និងទី៣-មកពីទឹកល្អក់ដោយសារមានស្លឹកឈើច្រើន កម្ទេចកម្ទីរុក្ខជាតិរលួយកកខាប់ខ្លាំងនៅក្នុងបឹង ផ្តល់ពន្លឺមិនបានគ្រប់គ្រាន់ ទើបជាហេតុនាំឱ្យហ្វូងត្រីប្រឈមនឹងការងាប់។

ត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន ៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់​យ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី១៥ ខែធ្នូមកដែលភាគច្រើនមានអាយុប្រមាណជា៤-៥ខែ និងមួយក្បាលៗមានទម្ងន់២-៣ក្រាម៕ដោយ៖ព្រះអង្គខ្មៅ