ព័ត៌មានជាតិ

ពង្រូលជាសត្វចូលចិត្តរស់នៅក្នុងព្រៃស្រោង ពេលនេះឈានទៅរកការបាត់បង់ពូជ

ភ្នំពេញ៖ បច្ចុប្បន្ននេះសត្វពង្រូលកំពុងរងទទួលគ្រោះថ្នាក់ ដែលអាចនឹងឈានទៅរកការបាត់បង់ពូជ ដែលជាក្តីបារម្ភមួយរបស់ក្រុមអ្នកស្រាវជ្រាវ។

តាមពិតសត្វពង្រូលមានឈ្មោះជាភាសាអង់គ្លេសថា ( Sunda Pangolin )ឈ្មោះវិទ្យាសាស្រ្ត( Manis javanica)។ ជាប្រភេទសត្វមួយដែលធ្វើចលនាដោយវារ មានថ្ងាសផត ស្រកាពណ៌ស្រអាប់ និងពណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។

ពង្រូលជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញាំជើងមុខវែងជាងក្រញាំជើង​ក្រោយ។ វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។

ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដី ហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដក់ដឿ និងកណ្តៀរ។

ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។

បើតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈ​ទំព័រហ្វេសប៊ុកថា៖ នៅក្នុងប្រទេសកម្ពុជាសត្វពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ៕

ដោយ៖ឧត្តម