អន្តរជាតិ

ហ្សេឡិនស្គីកោះប្រជុំមេទ័ពកំពូលៗ ខណៈដឹងមកថារុស្ស៊ីនឹងវាយផ្តាច់យកខេត្តដូណេតត្រឹមចុងឆ្នាំនេះ

ហ្សេឡិនស្គី បានកោះហៅប្រជុំមេទ័ពកំពូលៗអ៊ុយក្រែនពិភាក្សាគ្នារកយុទ្ធសាស្រ្តទប់ទល់ បន្ទាប់ពី​ទទួល​បានដំណឹងថា រុស្ស៊ីនឹងលើកទ័ពវាយផ្តាច់យកខេត្តដូណេតឲ្យបាននៅថ្ងៃដាច់ឆ្នាំនេះ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារ ទី ២៧ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដូចទម្លាប់ជាមួយបុគ្គលិកនៃអគ្គមេបញ្ជាការកំពូលអ៊ុយក្រែន។ ប្រភពកាសែតជាតិ​អ៊ុយក្រែនប្រាវដាបានរាយការណ៍ថា៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងមេបញ្ជាការកងទ័ពទិសដៅប្រតិបត្តិការអំពីស្ថានភាពនៅជួរមុខ បានពិភាក្សាអំពីការ​អនុវត្តសេចក្តីសម្រេចពីមុនទាក់ទងនឹងបុគ្គលិកជាក់លាក់ ពិសេសរណសិរ្ស នៅខ្សែបន្ទាត់ជួរមុខ Bakhmut និង Kreminna”។ ការពិភាក្សា ក៏បានលើកឡើងពីការផ្តល់គ្រឿងសព្វាវុធដល់កងកម្លាំង​ប្រដាប់អាវុធអ៊ុយក្រែន និងឧបករណ៍ចាំបាច់ផ្សេងទៀតផងដែរ ព្រោះមុននេះបន្តិច លោក Hanna Maliar ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍ថា អ្នកកាន់កាប់រុស្ស៊ីបានកំណត់​គោលដៅរ​បស់ពួកគេក្នុងការឈានទៅដល់ព្រំដែនរដ្ឋបាលនៃតំបន់ Donetsk វាយផ្តាច់យកនៅ​ចុងឆ្នាំនេះ។

ថ្វីបើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ជាបន្តបន្ទាប់ពីការវាយបានទីតាំងឈរជើងជាច្រើនរបស់រុស្ស៊ីនៅដូណេតក៏ដោយ ប៉ុន្តែបរិមាណនៃទ័ពរុស្ស៊ីដែលបានដាក់ពង្រាយគឺមានច្រើនសម្បើម​ណាស់ ដែលធ្វើឲ្យអ៊ុយក្រែននៅតែចាត់ទុកជាហានិភ័យ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា